(ស្វាយរៀង)៖ រោងចក្រផលិតសំបកកង់រថយន្តខ្នាតអន្តរជាតិ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងស្វាយរៀង ចំណាយទុនវិនិយោគ៣៥០ លានដុល្លារ សម្រេចការសាងសង់បាន៨០ភាគរយហើយ ដែលនឹងគ្រោងសម្ពោធជាផ្លូវការនៅពេលឆាប់ៗខាងមុខ។

លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងបានឲ្យដឹងថា រោងចក្រផលិតសំបកកង់រថយន្តដំបូងគេនេះ វិនិយោគដោយក្រុមហ៊ុន Cart Tire Co., Ltd នៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ។ បើតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងរោងចក្របានឲ្យដឹងថា រោងចក្រផលិតសំបកកង់រថយន្តនេះ នឹងធ្វើឲ្យក្លាយទៅជារោងចក្រធំជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកបន្តថា ទោះបីស្ថិតក្នុងបរិបទជំងឺកូវីដ១៩ រាលដាលនៅក្នុងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាក្តី ប៉ុន្តែដំណើរការវិនិយោគ នៅតែបន្តយ៉ាងផុសផុល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការយកចិត្តទុកដាក់ខ្ពស់ពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងអាជ្ញាធរដែនដី ធ្វើឲ្យអ្នកវិនិយោគទុនជាច្រើន បានមកបណ្តាក់ទុនរកស៊ី នៅក្នុងខេត្តស្វាយរៀង។

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចុះពិនិត្យមើលវឌ្ឍនភាព នៃដំណើការសាងសង់រោងចក្រផលិតសំបកកង់រថយន្ត ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងតំណាងរោងចក្រផងដែរ។

ក្រុមហ៊ុន Cart Tire Co., Ltd ជាក្រុមហ៊ុនមកពីប្រទេសចិន និងធ្លាប់បានវិនិយោគនៅប្រទេសវៀតណាមតាំងពីឆ្នាំ២០១១ ហើយនៅឆ្នាំ២០២១នេះ ក្រុមហ៊ុនបានសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា បង្កើតរោងចក្រផលិតសំបកកង់យានយន្ត ក្នុងទុនវិនិយោគប្រមាណ ៣៥០លានដុល្លារអាមេរិក លើផ្ទៃដីទំហំ ៥០ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលអាចបង្កើតការងាររហូតដល់ជាង ៤ ០០០កន្លែងជូនដល់ដល់កម្មករនិយោជិត។

ក្រុមហ៊ុន Cart Tire Co., Ltd ធ្លាប់បានអះអាងប្រាប់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាថា ខ្លួននឹងបញ្ជាទិញកៅស៊ូក្នុងស្រុក ១០០% សម្រាប់ប្រើប្រាស់ជាវត្ថុធាតុដើម ក្នុងការផលិតសំបកកង់យានយន្ត ដោយនៅឆ្នាំទី១ ក្រុមហ៊ុននឹងត្រូវការកៅស៊ូប្រមាណ ៥០ ០០០តោន ហើយនៅឆ្នាំទី៥ តម្រូវការនឹងកើនឡើងរហូតដល់ ១៥០ ០០០តោន ស្មើនឹងប្រមាណ៤៣%នៃផលិតកម្មកៅស៊ូក្នុងស្រុកសរុបឆ្នាំ២០២០៕