(ភ្នំពេញ)៖ សាខាកាកបាទក្រហមកម្ពុជាចំនួន៦ ក្នុងចំណោមសាខាទាំង២៥រាជធានី-ខេត្ដ បានបង្ហាញពីសកម្មភាពការងារកន្លងមក និងប្ដេជ្ញាបន្ដក្នុងការចូលរួមក្នុងគ្រាដែលរាជរដ្ឋាភិបាលកម្ពុជា ជួបការលំបាកនៃការរាតត្បាតជំងឺកូវីដ១៩។

ការបង្ហាញពីសកម្មភាពការងារ របស់សាខាកាកបាទក្រហមកម្ពុជាចំនួន ៦ រួមមាន៖ ខេត្ដបន្ទាយមានជ័យ, សៀមរាប, កោះកុង, បៃលិន, បាត់ដំបង និងខេត្ដត្បូងឃ្មុំ ក្នុងឱកាសមកទទួលនូវសម្ភារសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ១៩ នៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

លោក ធូ ស៊ីភ័ណ្ឌ នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្ដបន្ទាយមានជ័យ បានថ្លែងថា ក្នុងកាលៈទេសៈនៃការរាតត្បាតសកលនេះ ខេត្ដបន្ទាយមានជ័យ ក៏ជាខេត្ដដែលងាយប្រឈមផងដែរ ព្រោះជាខេត្ដជាប់ព្រំដែនថៃ ដែលមានការពលករធ្វើដំណើរត្រលប់មកកម្ពុជា។

លោកបន្ដថា ដូច្នេះសាខាកាកបាទក្រហមកម្ពុជាខេត្ដ ដោយទទួលបានជួយណែនាំ និងឧបត្ថម្ភជាសម្ភារសម្រាប់ប្រើប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ពីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដើម្បីចុះប្រតិបត្ដិការងារ ចុះអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋនៅតាមសហគមន៍ ឱ្យបានជ្រាបពីការការពារ ទប់ស្កាត់ការចម្លងជំងឺកូវីដ១៩, ការចាក់វ៉ាក់សាំង រួមទាំងវិធានការនានាដែលក្រសូងសុខាភិបាលបានដាក់ចេញ និងការណែនាំ របស់សម្ដេចតេជា នាយករដ្ឋមន្ដ្រីកម្ពុជា ៣ការពារ និង៣កុំ។

នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្ដបន្ទាយមានជ័យ បានបន្ដថា «ដោយខេត្ដរបស់យើងជាខេត្ដជាប់ព្រំដែនថៃ ដូចនេះគឺមានចលនាចំណូលស្រុកពីថៃ ដែលជាកត្ដាចាំបាច់បំផុតត្រូវយកចិត្ដទុកដាក់ខ្ពស់ ក្នុងការចុះអប់រំផ្សព្វផ្សាយជូនពលរដ្ឋ ឱ្យទទួលបានដំណឹងច្បាស់លាស់ ដើម្បីបង្កើនការប្រុងប្រយ័ត្ន»

រីឯសាខាកាកបាទក្រហមកម្ពុជា ខេត្ដសៀមរាប លោក ចយ សឿត ជានាយករងសាខា បានលើកឡើងពីសកម្មភាពការងារថា «កំលុងការរាតត្បាតជំងឺកូវីដ១៩ ខេត្ដយើងកន្លងមកក៏មាននូវតំបន់បិទខ្ទប់មួយចំនួនផងដែរ ដូច្នេះសាខាខេត្ដ ក៏បានចុះអប់រំផ្សព្វផ្សាយដល់ប្រជាជនយើង និងចុះទៅចែកស្បៀងជូនដល់គ្រួសារដែលងាយរងគ្រោះបំផុត ទោះក្នុងកាលៈទេសៈដ៏លំបាកនេះក្តី»

លើសពីនោះ សាខាកាកបាទក្រហមកម្ពុជា ក៏បានបណ្ដុះបណ្ដាលដល់យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ដ នៅតាមតំបន់គោលដៅ ដើម្បីបន្ដផ្សព្វផ្សាយអប់រំផ្លូវចិត្ដ និងបញ្ជៀបពីវិធានការពារខ្លួនពីជំងឺកូវីដ១៩ ។ក្រៅពីនោះ គឺជួយសម្របសម្រួលក្នុងការងារចាក់វ៉ាក់សាំង ដូចជាជួយចុះឈ្មោះ សរសេរបណ្ណជាដើម។

លោកបន្ដថា «អ្វីដែលយើងទទួលបានត្រលប់មកវិញ គឺយើងពិតជារីករាយណាស់ ដែលប្រជាពលរដ្ឋយើង បានយល់ច្បាស់ និងខ្លាចជំងឺកូវីដ១៩ ជាពិសេសពួកគាត់មានអារម្មណ៍នឹងនរ មិនបាត់ភាពម្ចាស់ការ ក្នុងការរស់នៅធម្មតា តាមបែបគន្លងថ្មី»។ ទោះជាយ៉ាងនេះក្ដី ក៏ក្រុមការងារនៅតែប្ដេជ្ញាប្រឹងប្រែងចូលរួមក្នុងគ្រាដែលរាជរដ្ឋាភិបាលកម្ពុជា ជួបការលំបាកនេះ ដោយត្រូវបន្ដលើកកម្ពស់ការងារផ្សព្វផ្សាយតាមវិធានការរបស់រាជរដ្ឋាភិបាល និងពង្រឹងវិធានការនេះបន្ថែមដល់ប្រជាពលរដ្ឋ។

សូមទស្សនាកិច្ចសម្ភាសដូចតទៅ៖