(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានបញ្ជូនមេខ្យល់ចំនួន២នាក់ ទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការ ពីបទនាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ និងពីថៃមកខ្មែរ។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឱ្យដឹងថា មេខ្យល់ទាំង២នាក់ មានឈ្មោះ ម៉ា និត ភេទប្រុស អាយុ១៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ ជឿន កុយ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ បានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍ឃុំអូរបីជាន់ សហការជាមួយកម្លាំងយោធាឈរជើងនៅចំណុចភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានឃាត់ពលករចំនួន៤១នាក់ ក្នុងនោះក៏មានពលករខ្មែរចំនួន២នាក់ មកពីប្រទេសថៃផងដែរ ក្រោយពីសួរនាំ។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលបានស្រាវជ្រាវឈានដល់ឃាត់ខ្លួនមេខ្យល់ចំនួន២នាក់តែម្តង។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ បានបញ្ជាក់បន្ថែមថា ក្រោយការសួរនាំជនសង្ស័យឈ្មោះ ម៉ា និត និងឈ្មោះ ជឿន កុយ រួចមក, ជនសង្ស័យបានសារភាពថា ពួកគេទាំង២នាក់ ពិតជាអ្នកនាំផ្លូវពលករខ្មែរដែលមកពីថៃ និងពលករទៅធ្វើការនៅប្រទេសថៃពិតមែន ហើយសកម្មភាពនេះពួកគេបានជូនពលករទៅមកបានចំនួន២លើក ឱ្យគេនាំផ្លូវមកខ្មែរវិញ ក្នុងម្នាក់ពលករបង់ឱ្យតម្លៃជូនតម្លៃ ២,០០០បាត និងទី២ ពលករដែលឱ្យពួកគេនាំផ្លូវទៅថៃ វិញក្នុងម្នាក់គឺពលករឱ្យតម្លៃជូន ២,០០០បាតដូចគ្នាផងដែរ៕