(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឬស្សីកែវ បានបដិសេធសំណើក្រុមហ៊ុនចំនួន៣ ចំពោះការម្រេចជ្រើសរើស និងប្រគល់កិច្ចសន្យាស្ដីពីការផ្គត់ផ្គង់សម្ភារសម្អាតអនាម័យ សម្ភារការិយាល័យ សម្ភារ និងបរិក្ខារបច្ចេកទេសមិនមែនព័ត៌មានវិទ្យា សង្ហារឹម សម្ភារ និងបរិក្ខារបច្ចេកទេសពត៌មានវិទ្យា សម្ភារ និងភេសជ្ជៈទទួលភ្ញៀវជាតិ ប្រជុំ សម្ភាររៀបចំពិធីបុណ្យ គ្រឿងឧបភោគបរិភោគឧបត្ថម្ភប្រជាពលរដ្ឋក្រីក្រ ឧបត្ថម្ភអនុសាខាកាកបាទក្រហម និងឧបត្ថម្ភគណៈបញ្ជាការឯកភាពខណ្ឌ ជូនរដ្ឋបាលខណ្ឌឆ្នាំ២០២១។

នេះបើតាមសេចក្ដីជូនដំណឹងផ្លូវការចំនួន៣របស់លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ។ ក្រុមហ៊ុនទាំង៣នោះរួមមាន៖ ក្រុមហ៊ុន គ្រីវ៉ា ខនស្ត្រាក់សិន ឯ.ក ក្រុមហ៊ុន សរ ណន់ គ្រុប និងក្រុមហ៊ុន ចាន់ម៉េងសុវណ្ណ ខនស្ត្រាក់សិន។

ក្នុងសេចក្ដីជូនដំណឹងនេះ លោក ឯក ឃុនដឿន បញ្ជាក់ថា ការបដិសេធសំណើក្រុមហ៊ុនចំនួន៣ គឺយោងតាមកំណត់ហេតុបើកសំណើដេញថ្លៃ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ និងកំណត់ហេតុវាយតម្លៃប្រគល់កិច្ចសន្យា ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ របស់គណៈកម្មាធិការលទ្ធកម្មខណ្ឌឫស្សីកែវ។

លោក ឯក ឃុនដឿន បញ្ជាក់ទៀតថា ទី១-ដោយសារមូលហេតុ ក្រុមហ៊ុន គ្រីវ៉ា ខនស្ត្រាក់សិន ឯ.ក មិនបានភ្ជាប់ជាមួយនូវឯកសារភស្តុតាងបង្ហាញពីលក្ខណសម្បត្តិគ្រប់គ្រាន់ និងមិនមានបណ្ណប៉ាតង់ និងវិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែមតាមតាមកិច្ចលទ្ធកម្មទំនិញ។

ទី២-ក្រុមហ៊ុន សរ ណន់ គ្រុប មិនបានភ្ជាប់ជាមួយនូវឯកសារភស្តុតាងបង្ហាញពីលក្ខណសម្បត្តិគ្រប់គ្រាន់ និងប្រាក់កក់ធានាការដេញថ្លៃ (ជាប្រាក់ដុល្លារ) គ្មានភ្ជាប់អត្រាប្ដូរប្រាក់មកជាមួយ និងទី៣-ក្រុមហ៊ុន ចាន់ម៉េងសុវណ្ណ ខនស្ត្រាក់សិន មិនបានភ្ជាប់ជាមួយនូវឯកសារភស្តុតាងបង្ហាញពីលក្ខណសម្បត្តិគ្រប់គ្រាន់និងតម្លៃសំណើសុំដេញថ្លៃលើសគោលការណ៍ធានាចំណាយ៕