(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៩ឆ្នាំ នៃការយាងសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។

ពិធីនេះត្រូវបានរៀបចំឡើងនៅព្រះរាជដំណាក់ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោមវត្តមានលោក អ៊ាន ឃ៊ុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងវត្តមាន សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា ស្ថាប័នតុលាការ មេបព្ជាការ បញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំ មន្ទីរអង្គភាពស្ថាប័ននានាក្នុងខេត្ត ក្រុមប្រឹក្សាក្រុងនិងអភិបាលនៃគណៈអភិបាលក្រុងសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប សរុបចំនួន១៣០រូប ។

អង្គពិធីបានអញ្ជើញគោរពស្មឹងស្មាធ អុជទៀនធូបថ្វាយកម្រងផ្កា ឧទ្ទិសកុសលបូជាគោរពថ្វាយចំពោះមុខព្រះឆាយាលក្ខណ៍របស់ព្រះអង្គ ប្រកបដោយក្តីសោកស្តាយ អាឡោះអាល័យជាទីបំផុត។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទាំងអស់ក្នុងនាមជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គ បានសម្តែងឱ្យឃើញពីក្តីសោកស្តាយ អាឡោះអាល័យ នឹកឃើញនូវព្រះគុណូបការៈដ៏ថ្លៃថ្លា និងវិសេសវិសាលដ៏ឧត្តុង្គឧត្តម ចំពោះស្នាព្រះហស្ថរបស់ព្រះករុណា ដែលបានបន្សល់ទុកនូវសមទ្ធិផលជាច្រើន សម្រាប់ជាតិ មាតុភូមិ សម្រាប់កូនចៅប្រជារាស្រ្តកម្ពុជាទូទាំងប្រទេស ។

ពិធីនេះដែរប្រារព្ធឡើងដើម្បីតបស្នងមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៍ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គដែលក្នុងមួយព្រះជន្មព្រះអង្គ បានលះបង់ទាំងព្រះកាយពល និង ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដើមី្បបុព្វហេតុជាតិ បូរណភាពទឹកដី ផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍលើគ្រប់វិស័យ៕