(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យដំណើរប្រព័ន្ធស្វ័យប្រវត្តិកម្មដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន្តជំនិះ (ឆៀក) ជំនាន់ទី២ និងវិធានការនានាក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើនប្រសិទ្ធភាពដល់ការងារគ្រប់គ្រង និងការអនុវត្តការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

នៅក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មនេះនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោក ឈួន វ៉ន់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានបញ្ជាក់ថា ប្រព័ន្ធថ្មីនេះនឹងចូលរួមដោះស្រាយបញ្ហាប្រឈមនានា និងធ្វើឱ្យការផ្តល់សេវាកាន់តែមានភាពប្រសើរឡើងជូនប្រជា ពលរដ្ឋ។

លោក ឈួន វ៉ន់ ក៏បាន ថ្លែងអំណរគុណដល់ក្រុមការងារពាក់ព័ន្ធទាំងអស់របស់ក្រសួង ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងមុខងារក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មដាក់ ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ជំនាន់ទី២នេះ និងបានធ្វើបច្ចុប្បន្នភាពទៅលើមុខងារមួយចំនួនបន្ថែមទៀត នៅក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីកៀងគរចំណូលបន្ថែមជូនក្រសួងផងដែរ។

លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ បានបញ្ជាក់ដែរថា ប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មីនេះ បានរៀបចំឡើងដោយនាយកដ្ឋាន ដ្ឋានព័ត៌មានវិទ្យា និងមានចំណុចពិសេសជាងប្រព័ន្ធ មុន ដូចជា លឿន និងឆ្លាតជាងមុន, ផ្ទៀងផ្ទាត់កាតគ្រីសន្លឹកពន្ធ និងមិនបាច់បញ្ចូលទិន្នន័យច្រើនដដែលៗ, គណនាការផាកពិន័យឆៀកស្វ័យប្រវត្តិមានតម្លាភាព និងអាចផ្តល់យោបល់អ្នកទទួលសេវា ថាតើគួជ្រើសរើសជម្រើសសេវាណាត្រូវនឹងយានយន្តផងដែរ។

លោក ហ៊ាង សុទ្ធាយុត្តិ បានបន្ថែមថា ក្រុមការងារព័ត៌មានវិទ្យា នឹងបន្តខិតខំប្រឹងប្រែងចូលរួមចំណែក លើការធ្វើកំណែទម្រង់សេវាសាធារណៈ ឱ្យតែកាន់ប្រសើរឡើង ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពជូនប្រជាពលរដ្ឋ និងបានត្រៀមខ្លួនជាស្រេចក្នុងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធថ្មីនេះ ឱ្យស្របតាមផែនការដែលបានគ្រោងទុក។
បន្ថែមពីនេះលោកក៏បានលើកឡើងពីបទពិសោធន៍ ជាមេរៀនចំពោះការផ្តល់សិទ្ធប្រទានទៅក្រុមហ៊ុនឯកជន ដើម្បីចូលរួមអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា ដែលខ្វះការ ទទួលខុសត្រូវ បានបង្កជាផលលំបាក បញ្ហាស្មុគស្មាញ ដែលប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ និងសន្តិសុខផ្ទៃក្នុងជាតិ ដែលត្រូវមានវិធានការ គ្រប់គ្រង ទប់ស្តាក់ក្នុងពេលអនាគត។

ប្រធាននាយកដ្ឋានរូបនេះ បានបន្ថែមថា លោកក៏កំពុងធ្វើការបញ្ចប់ការរៀបចំគោលការណ៍ សុវត្ថិភាព សន្តិសុខបច្ចេកវិទ្យា ក្នុងក្របខណ្ឌការងារ វិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីដាក់ចេញឱ្យប្រើប្រាស់ ចូលរួមធានាសន្តិសុខទិន្នន័យក្នុងវិស័យ និរន្តរភាពការងារគ្រង់គ្រងដោយប្រើប្រាស់បច្ចេកវិទ្យា និងការការពារអ្នកប្រើប្រាស់ រួមជាមួយវិធានការនានាផងដែរ៕