(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានជួបសំណេះសំណាល និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋក្រីក្រ ដែលមិនទាន់ជាប់ឈ្មោះ ក្រ១ និងក្រ២ មានចំនួន៤០គ្រួសារ នៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

នាឱកាសនោះដែរ លោកអភិបាលខេត្តក៏បានជំរុញដល់អាជ្ញាធរឃុំ និងស្រុក ត្រូវឧស្សាហ៍ចុះពិនិត្យតាមដានតាមភូមិឱ្យបានញឹកញាប់ ដើម្បីស្រង់ស្ថិតិ និងក្តាបព័ត៌មានឱ្យបានច្បាស់អំពីអ្នករងគ្រោះ និងងាយរងគ្រោះពីវិបត្តិជំងឺកូវីដ១៩ ដើម្បីរាយការណ៍ជូនអាជ្ញាធរខេត្តដើម្បីដោះស្យរាជូនឱ្យចំគោលដៅ និងទាន់ពេលវេលា។

លោក វ៉ា ថន បានថ្លែងថា ប្រជាពលរដ្ឋទាំង៤០គ្រួសារ បានទទួលស្បៀង និងថវិកាមួយចំនួននោះ ដែលអំណោយបានមកពីការចូលរួមពីការផ្តួចផ្តើមរបស់ព្រះឥន្ទ្រាភិបាល ង៉ែត សារីន ព្រះអនុគណស្រុក និងជាព្រះចៅអធិការវត្តព្រះនាគវ័ន្ត ហៅវត្តសំបុក រួមនឹងព្រះសង្ឃ និងសប្បុរសជនសរុបថវិកាអស់ចំនួន ២លាន ៣សែនរៀល។

បន្ថែមពីនេះទៀត លោក វ៉ា ថន ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះប្រជាពលរដ្ឋជាជនចាស់ជរា ខ្វះខាតនាពេលនេះ ដោយសារតែវិបតិ្តជំងឺកូវីដ១៩ បើទោះបីជាមិនបានជាប់ឈ្មោះជាអ្នកខ្វះខាតទៅតាមប្រភេទក្រ១ ឬក្រ២ក៏ដោយ ក៏រាជរដ្ឋាភិបាល និងអាជ្ញាធរឃុំ ស្រុក ខេត្ត គ្រប់លំដាប់ថ្នាក់នៅតែគិតគូយកចិត្តទុកដាក់ពីសុខទុក្ខជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមិនទុកចោលប្រជាពលរដ្ឋរស់នៅឯការ និងខ្វះខាតស្បៀងអាហារនោះទេ។

ជាងនេះទៅទៀត លោកអភិបាលខេត្ត ក៏ជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ដែលមានឪពុកម្តាយចាស់ជរាសូមនាំយកគាត់ទៅពិគ្រោះជាមួយគ្រួពេទ្យជំនាញ ដើម្បីទទួលបានវ៉ាសាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា និងសូមឱ្យប្រជាពលរដ្ឋបន្តរស់នៅឱ្យមានការប្រុងប្រយ័ត្នប្រកបដោយវិធានការការពារអនាម័យឱ្យបានខ្ជាប់ខ្ជួនជាប់ជាប្រចាំ។

ជាមួយនឹងអំណោយ និងសម្ភារៈដែលនាំយកទៅផ្តល់ជូនប្រជាពលរដ្ឋក្រីក្រនាពេលនេះ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភបន្ថែមនូវថវិកាចំនួន៥ម៉ឺនរៀល នៅក្នុងម្នាក់ៗផងដែរ៕