(ថៃ)៖ អាជ្ញាធរកីឡារបស់ថៃ បានបង្ហាញការស្វាគមន៍ដោយក្តីរីករាយក្នុងការចែករំលែកបទពិសោធន៍ និងចំណេះជំនាញផ្សេងៗដល់កម្ពុជា ដើម្បីឱ្យកម្ពុជាទទួលបានជោគជ័យលើការរៀបចំប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងដំណើរបំពេញការងារនៅក្នុងប្រទេសថៃ លោកបណ្ឌិតសុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា បានចូលជួបលោកបណ្ឌិត គង់សាក់ យុដម៉ានី អភិបាលអាជ្ញាធរកីឡាថៃ ដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជា-ថៃ ក្នុងវិស័យកីឡា និងដកបទពិសោធន៍អំពីការគ្រប់គ្រងវិស័យកីឡានៃប្រទេសថៃ មកអភិវឌ្ឍកីឡានៅកម្ពុជា។ ក្នុងជំនួបនោះ ក៏មានការចូលរួមពីលោកសាស្រ្តាចារ្យបណ្ឌិតសាំងសិទ្ធ ភីរីយ៉ារាំងសាន ប្រធានគណៈកម្មាធិការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គមនៃព្រឹទ្ធសភា និងលោក អភិបាលរងអាជ្ញាធរកីឡាថៃផងដែរ។

ក្នុងជំនួបនោះលោកបណ្ឌិត សុខ សុក្រឹត្យា បានស្នើភាគីថៃជួយចែករំលែកបទពិសោធន៍ និងផ្តល់ការបណ្តុះបណ្តាលជំនាញមួយចំនួន ដើម្បីពង្រឹងសមត្ថភាពផ្នែកកីឡាទាំងនៅថ្នាក់កណ្តាល និងកម្រិតខ្ពស់ ជាពិសេសការបណ្តុះបណ្តាលមន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនី ដើម្បីលើកស្ទួយវិស័យកីឡានៅកម្ពុជាឲ្យកាន់តែរីកចម្រើន ឈានទៅការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (32th SEA GAME) ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជា។

លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានស្នើភាគីថៃ ជួយចែករំលែកបទពិសោធន៍លើការគ្រប់គ្រង និងផ្សាយផ្ទាល់នូវព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនេះផងដែរ។

ជាការឆ្លើយតបលោកបណ្ឌិត គង់សាក់ យុដម៉ានី អភិបាលនៃអាជ្ញាធរកីឡាថៃ បានបង្ហាញការអបអរសាទរ និងរីករាយក្នុងជួយបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកីឡានៅប្រទេសកម្ពុជា ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ។

ក្រៅពីពិភាក្សាលើបញ្ហាខាងលើនេះហើយ ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល និងបានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ ក្នុងការជំរុញការអភិវឌ្ឍវិស័យកីឡាប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន។ ភាគីទាំងពីរ ក៏បានប្តេជ្ញាបន្តរក្សាទំនាក់ទំនងល្អរវាងកម្ពុជា-ថៃ តាមរយៈកីឡា ឲ្យកាន់តែស្អិតរមួតថែមទៀត៕