(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់អាកុល ៤២០លីត្រ, ជែលចំនួន ២៤០កេស (ក្នុងមួយកេស១២ដប) និងជែលចំនួន ៧០កេស (ក្នុងមួយកេសមាន៦ថង់) ជូនដល់សាខាកាកបាទក្រហមកម្ពុជាចំនួន៧ រួមមាន ខេត្ដបន្ទាយមានជ័យ, ត្បូងឃ្មុំ, សៀមរាប, បាត់ដំបង, បៃលិន, កោះកុង និងខេត្ដកំពង់ឆ្នាំង ដោយក្នុងខេត្ដនីមួយៗទទួលបាន អាកុល ៦០លីត្រ និងជែល ៥០កេស។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមវត្ដមាន លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្ដទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹក ជាពិសេសការថ្លែងអំណរគុណ និងកោតសរសើរចំពោះសាខាទាំងអស់ ដែលបានពុះពារជំន្នះគ្រប់ភារកិច្ចការងារ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមការពារ ទប់ស្កាត់ការចម្លងមេរោគកូវីដ១៩។

លោកស្រី ពុំ ចន្ទីនី បានគូសបញ្ជាក់ថា កន្លងមកស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក៏បានផ្ដល់ជូននូវឧបរណ៍សម្ភារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ទូទាំង២៥ រាជធានី-ខេត្ដ ហើយនឹងបន្ដផ្ដល់ជូនជាបន្ដបន្ទាប់ទៀតទៅតាមតម្រូវការចាំបាច់។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក៏បានជូនពរដល់សាខាកាកបាទក្រហមកម្ពុជាទូទាំងប្រទេស សូមមានសុខភាពល្អរឹងមាំ មានសុវត្ថិភាព និងចៀសឆ្ងាយពីជំងឺនានា ពិសេសការបន្ដរួមទទួលខុសត្រូវ ទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ និងបន្តបេសកកម្មការងារមនុស្សធម៌ គ្រប់សកម្មភាពទាំងអស់ គ្រប់កាលៈទេសៈ និងទីកន្លែង ជួយសង្ក្រោះដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុត។

ជាមួយគ្នានោះ តំណាងសាខាកាកបាទក្រហមកម្ពុជាទាំង៧សាខា ដែលអញ្ជើញមកទទួលអាកុល និងជែល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់សម្ភារដ៏មានសារៈសំខាន់នេះជាបន្ដបន្ទាប់ ដើម្បីប្រើប្រាស់ក្នុងការងារ ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ និងតម្រូវការចាំបាច់ផ្សេងៗទៀត៕