(ភ្នំពេញ)៖ បណ្ឌិត ម៉ី កន្យាណ ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រអប់រំ STEM និងការស្រាវជ្រាវអភិវឌ្ឍន៍ឧស្សាហកម្ម៤.០ នឹងជំរុញឲ្យកម្ពុជាក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់។

ការគូសបញ្ជាក់បែបនេះ របស់បណ្ឌិត ម៉ី កន្យាណ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំបង្កើត មជ្ឈមណ្ឌលផលិតកម្មឌីជីថល កម្ពុជា-ជប៉ុន (CJDM) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ។

បណ្ឌិត ម៉ី កន្យាណ បានបញ្ជាក់យ៉ាងដូច្នេះថា កម្ពុជា នឹងសម្រេចបាន នូវគោលដៅរយៈពេលវែងរបស់ខ្លួន ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសអភិវឌ្ឍន៍ ក្រោយមានគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងកំណែទម្រង់មួយចំនួន។

គោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងកំណែទម្រង់ ទាំងនោះ រួមមាន៖ ផែនការអភិវឌ្ឍន៍ឧស្សាហកម្ម ផែនការធ្វើពិពិធកម្មសេដ្ឋកិច្ច, យុទ្ធសាស្ត្រអប់រំ STEM និងការលើកកម្ពស់ ការស្រាវជ្រាវការអភិវឌ្ឍន៍ នូវការច្នៃប្រឌិតឧស្សាហកម្ម៤.០។ នេះជាការបញ្ជាក់បន្ថែម របស់បណ្ឌិត ម៉ី កន្យាណ។

បណ្ឌិត ជេត ជេលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា RUPP និងក្រុមហ៊ុនបណ្តាក់ទុន រវាងជប៉ុន-អាល្លឺម៉ង់ និងក្រុមហ៊ុនផលិត គ្រឿងម៉ាស៊ីន មានបច្ចេកវិទ្យាខ្ពស់លេខ១ លើពិភពលោក បានសហការគ្នាផលិតធនធាន ដែលមានសមត្ថភាពខ្ពស់ និងកម្មវិធីបណ្តុះបណ្តាល ក្នុងវិស័យឌីជីថល។

បណ្ឌិត ជេត ជេលី បានបន្ថែមទៀតថា សាកលវិទ្យាល័យ RUPP បានអនុវត្តគំរូនៃការច្នៃប្រឌិតថ្មីរបស់ជប៉ុន ដែលជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ព្រោះវា គាំទ្រដល់សង្វាក់ផលិតកម្មពេញលេញ ចាប់ផ្តើមពីចំណេះដឹង រហូតដល់ផលិតផលចុងក្រោយ។

សម្រាប់ពេលនេះ រដ្ឋាភិបាលបី នៃប្រទេសកម្ពុជា ជប៉ុន និងអាល្លឺម៉ង់ កំពុងជួយយើង។ ចំពោះវិស័យឧស្សាហកម្ម ឬក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ ដែលកំពុងប្រតិបត្តិការ នៅក្នុងតំបន់ PPSEZ ដូចជា តំបន់ Minebea និង Denso កំពុងសហការគ្នា លើគោលការណ៍ឈ្នះ-ឈ្នះ។ នេះជាការបញ្ជាក់បន្ថែម របស់បណ្ឌិត ជេត ជេលី។

បណ្ឌិត ងួន ផនភក្តី ព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្ម RUPP បានឲ្យដឹងថា ចំពោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺផ្តល់ឱកាសដល់និស្សិតកម្ពុជាទាំងអស់ ហើយលោករំពឹងថា និស្សិតដែលបានបញ្ចប់ការសិក្សា នឹងធ្វើការនៅក្រុមហ៊ុនសហការបច្ចេកវិទ្យាខ្ពស់ ក្នុងរយៈពេលខ្លី។

បណ្ឌិត ងួន ផនភក្តី បន្ដទៀតថា ពេលអនាគតពួកគេ នឹងដើរតួយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ឧស្សាហកម្មដទៃទៀត នៅក្នុងប្រទេស ដើម្បីឆ្ពោះទៅរកការផលិត ឌីជីថលឆ្លាតវៃ ដែលមានបដិវត្តថ្មី ដូច្នេះធ្វើឲ្យវិស័យផលិតកម្មកម្ពុជាប្រសើរឡើង៕