(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដី អាស៊ានលើកទី៧ បានលើកឡើងងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី៧ ស្តីពីបញ្ហាគ្រឿងញៀន នឹងធ្វើឱ្យបណ្តារដ្ឋអាស៊ាន ផ្ដួចផ្ដើមគំនិតថ្មីៗថែមទៀត ស្របតាមស្ថានភាពនៃប្រែប្រួលបញ្ហាគ្រឿងញៀន ក្នុងបរិបទជំងឺកូវីដ១៩។

ការលើកឡើងបែបនេះ របស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានធ្វើឡើងនៅក្នុងឱកាសនាយឧត្តមសេនីយ៍អញ្ជើញក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន លើកទី៧ ស្តីពីបញ្ហាគ្រឿងញៀន តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ។ ខណៈកិច្ចប្រជុំនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយមានការអញ្ជើញចូលរួមកិច្ចប្រជុំពីថ្នាក់ដឹកនាំរដ្ឋជាសមាជិកអាស៊ាន។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសង្ឃឹមជឿជាក់ថាកិច្ចប្រជុំយើងថ្ងៃនេះនឹងបន្តរួមគ្នាបន្តគិតពិចារណា និងផ្ដួចផ្ដើមគំនិតថ្មីៗថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យយន្តការទាំងអស់ត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត ស្របតាមស្ថានភាពវិវត្តន៍ប្រែប្រួលនៃបញ្ហាគ្រឿងញៀន ក្នុងបរិបទជំងឺកូវីដ១៩»

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបន្តថា ដោយផ្អែកទៅលើលទ្ធផលដែលយើងសម្រេចបានបទពិសោធន៍ដែលយើងបាន ជួបប្រទះក្នុងពេលអនុវត្តការងារកន្លងមក ចំណុចខ្លាំង ចំណុចខ្សោយ ពិសេសអនុសាសន៍ទាំងឡាយដែលបានលើកឡើងនៅក្នុងអនុសានស៍ដឹកនាំរបស់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលថ្លែងក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៧ ស្តីពីបញ្ហាគ្រឿងញៀន។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងដែន នាដំណាក់កាលរាតត្បាតជំងឺកូវីដ១៩។

បន្ថែមពីនេះទៀត នាយឧត្តមសេនីយ៍ បានបន្តថា បើទោះបីជាកិច្ចសហប្រតិបត្តិការមួយចំនួនត្រូវបានរាំងស្ទះ ដោយសារផលវិបាកនៃការផ្ទុះឡើងនៃជំងឺវីដ១៩ ក៏ដោយ ក៏ស្ថាប័នត្រួតពិនិត្យគ្រឿងញៀន នៃបណ្ដារដ្ឋជាសមាជិក អាស៊ានបានខិតខំពុះពារគ្រប់បែបយ៉ាងតាមយន្តការនានា និងផែនការដែលបានដាក់ចេញកន្លងមក។

នាឧត្តមសេនីយ៍ ជួន សុវណ្ណ បានបន្ថែមថា៖ «សម្រាប់កិច្ចប្រជុំនាពេលនេះ ក្រៅពីការពិនិត្យឡើងវិញនូវអ្វីដែលយើង បានរួមគ្នាអនុវត្តន៍ ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់យើងនាពេលកន្លងមកយើង ក៏នឹងរួមគ្នាពិនិត្យ ពិភាក្សាទៅលើអនុសាសន៍មួយចំនួន ដែលកើតចេញពីការត្រួតពិនិត្យពាក់ណ្ដាលអណត្តិ នៃការអនុវត្តផែនការការងារអាស៊ាន ស្តីពីសន្តិសុខសហគមន៍អាស៊ានប្រឆាំងគ្រឿងញៀនខុសច្បាប់ ឆ្នាំ២០១៦-២០២៥ ដើម្បីជាត្រីវិស័យ និងជាមូលដ្ឋានសម្រាប់លើកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តការងារជាបន្តទៀត ពិសេសក្នុងការឈានឆ្ពោះទៅសម្រេចគោលដៅរួមរបស់យើង ជាមួយគ្នានេះ យើងក៏នឹងបានស្ដាប់របាយការណ៍ស្តីពីស្ថានភាព និងការវិវត្តប្រែប្រួលនៃបញ្ហាគ្រឿងញៀននៅក្នុងតំបន់ និងនៅលើសកលលោក ក៏ដូចជារបាយការណ៍ស្តីពី វឌ្ឍនភាពនៃការអនុវត្តសកម្មភាពនៅក្នុងផែនការសហប្រតិបត្តិការអាស៊ាន ២០២០-២០២២»។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានធ្វើការអំពាវនាវដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ត្រូវដោះស្រាយរួមគ្នា ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតលើករណីគ្រឿងញៀន ខណៈបញ្ហាគ្រឿងញៀននេះកំពុងនៅតែប្រឈមយ៉ាងរសើបនៅឡើយ ទាំងក្នុងតំបន់អាស៊ាន ក៏ដូចជាពិភពលោកនោះ៕