(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយវិទ្យាស្ថានចក្ខុវិស័អាស៊ី (AVI) ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរក្នុងវិស័យ សិក្សាស្រាវជ្រាវ ការរៀបចំសិក្ខាសាលារួម ការផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈ រួមទាំងការពិគ្រោះយោបល់អំពីកិច្ចការជាតិ និងអន្តរជាតិ។

ពិធីចុះអនុស្សារណៈយោគយល់គ្នា បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងមានការចូលរួមពីលោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភា, លោក សុក ស៊ីផាន់ណា ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានចក្ខុវិស័យអាស៊ី, លោក សួស យ៉ារ៉ា អគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ី, លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី, លោក កែវ ពិសិដ្ឋ អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី, លោក ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី រួមទាំងសមាជិកសមាជិកាមួយចំនួនទៀត នៅរដ្ឋសភាជាតិកម្ពុជា។

លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ីនេះនឹងនាំមកនូវផលប្រយោជន៍ ជាច្រើន ដល់ប្រទេសជាតិ និងប្រជាជន និងជាសក្ខីភាពនៃទំនុកចិត្តរបស់រដ្ឋសភាជាតិ លើតួនាទីដ៏សំខាន់របស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងការចូលរួមចំណែកដល់ការ សម្រេចឲ្យបាននូវបេសកកម្មចំបង ដែលរដ្ឋសភាបាននិងកំពុងបំពេញ។

ជាមួយគ្នានេះលោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានរំលឹកឡើងវិញ នូវការចូលរួមចំណែកយ៉ាងសកម្មជាច្រើនរបស់ក្រុមការងារ AVI នាពេលកន្លងមក ដើម្បីជួយដល់កិច្ចការងារសំខាន់ៗរបស់រដ្ឋសភាជាតិនៅលើឆាកអន្តរជាតិ ដែលមានដូចជា វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) កិច្ចប្រជុំកំពូលសភាអាស៊ីអឺរ៉ុបលើកទី១១ (ASEP១១) សន្និសីទនៃគណៈកម្មការកិច្ចការបរទេសនៃសភាកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) និងកិច្ចប្រជុំអន្តរសភាអាស៊ាន (AIPA) ផងដែរ។

លោក ឡេង ប៉េងឡុង បានបញ្ជាក់ដែរថា អនុស្សារណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរ ជាកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយ ដែលអាចជួយជំរុញឱ្យរដ្ឋសភាជាតិ បង្កើនគុណភាពការងារ របស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពទាំងក្នុងការងារជាតិ និងអន្តរជាតិ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ វិទ្យាស្ថានចក្ខុវិស័យ អាស៊ី នឹងចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យការទូតសភា នៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ដ៏ជឿនលឿននេះ។

លោក សុក ស៊ីផាន់ណា បានលើកឡើងដែរថា ត្បិតតែ AVI មានអាយុក្មេងខ្ចីក៏ដោយក្តី ស្ថាប័ននេះបានបង្កើតកេរ្តិ៍ឈ្មោះរបស់ខ្លួនយ៉ាងឆាប់រហ័សទាំងក្នុង និងក្រៅ ប្រទេស។ លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ រដ្ឋសភា ដែលបានផ្តល់នូវទំនុកចិត្ត និងភាពជឿជាក់មកលើ AVI និងបានកោតសរសើរ ដល់សហការី របស់ AVI នូវកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពស្មោះត្រង់ និងស្មារតីបម្រើជាតិ នាពេលកន្លងមកផងដែរ៕