(ភ្នំពេញ)៖ លោក DATO' SERI HISHAMMUDDIN TUN HUSSEIN ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ប្រទេសម៉ាឡេស៊ី បានសម្តែងការគាំទ្រដល់ក្រសួងការពារជាតិកម្ពុជា រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។

ការសម្តែងការគាំទ្ររបស់រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិរកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ។

បន្ថែមពីលើនេះ លោករដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ក៏បានបង្ហាញពីសុទិដ្ឋិនិយម និងត្រៀមខ្លួនរួចជាស្រេច ធ្វើការជាមួយក្រសួងការពារជាតិកម្ពុជា ពាក់ព័ន្ធកិច្ចការយោធាអាស៊ាន។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការពារប្រទេសទាំងពីរ បានចែករំលែកទស្សនៈ និងសម្តែងការគាំទ្រគ្នាទៅវិញទៅមកលើកិច្ចការតំបន់ពាក់ព័ន្ធវិស័យសន្តិសុខការពារជាតិ ដើម្បីរួមគ្នាធានាថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់។

សម្តេចពិជ័យសេនា បានប្រកាសពីជំហរកម្ពុជា ក្នុងឋានៈជាប្រធានរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ខាងមុខនេះ ប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការជាមួយភាគីពាក់ព័ន្ធ រួមគ្នាដោះស្រាយបញ្ហាតំបន់ និងវិបត្តិនានា ដើម្បីឆ្ពោះទៅរកតំបន់មួយប្រកបដោយសន្តិភាព សន្តិសុខ បរិយាប័ន្ន និងវិបុលភាព។

ជាមួយគ្នានេះ លោក Hussein ក៏បានជម្រាបជូនសម្តេចពិជ័យសេនា អំពីវឌ្ឍនភាពនៃទំនាក់ទំនង ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រតិបត្តិការរក្សាសន្តិភាពតាមរបៀបវារៈ «ស្ត្រី សន្តិសុខ និងសន្តិភាព» និងការចែករំលែកទស្សនៈលើបញ្ហាតំបន់ពាក់ព័ន្ធវិស័យ សន្តិសុខ ការពារជាតិ ដើម្បីរួមគ្នាថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់។

ជាការឆ្លើយតបសម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោក Hussein ត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្ត និងតែងតាំងជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសម៉ាឡេស៊ី។

ជាមួយគ្នានេះ សម្តេចពិជ័យសេនា បង្ហាញពីសុទិដ្ឋិនិយម និងមានជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់លោក Hussein ក្រសួងការពារប្រទេសម៉ាឡេស៊ីនឹងបន្តសម្រេចបានជោគជ័យថ្មីៗថែមទៀតជូនជាតិ និងប្រជាជនម៉ាឡេស៊ី។ កម្ពុជាបានបង្ហាញជំហរត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ម៉ាឡេស៊ី ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ៕