(តាកែវ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១នេះ បានចាត់ឱ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អញ្ជេីញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុរបស់កាកបាទក្រហមកម្ពុជា ប្រគេនព្រះទេពរង្សី ខាត់ យស រាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាសម្តេចព្រះមហាសង្ឃរាជ និងជាព្រះគ្រូអនុគណស្រុកទ្រាំង និងព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តភ្នំខ្លែង ដែល ស្ថិតនៅភូមិភ្នំខ្លែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។

ដោយអំណាចបុណ្យនាពេលនេះ ព្រះទេពរង្សី ខាត់ យស បានឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះបុព្វការីជន ញាតិកាទាំង៧សន្តាន ជាពិសេសឧទ្ទិសមហាកុសលជូនចំពោះវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន និងឧទ្ទិសមហាកុសលចំពោះវិញ្ញាណក្ខន្ធ លោកតាមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកទាំងនោះបានទទួលយកមនុញ្ញផល និងងាកក្រោយឱ្យពរជ័យជូនដល់សម្តេចទាំងទ្វេ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រេីន រស់នៅក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតរៀងទៅ។

សូមបញ្ជាក់ថា ទេយ្យវត្ថុប្រគេនវត្តភ្នំខ្លែងរួមមាន ៖ អង្ករ ២តោន, មី ១០កេស, ត្រីខ ៥កេស, ទឹកក្រូច ១០កេស, ទឹកផ្លែឈើ ៥កេស, មៀនកំប៉ុង ២កេស, ទឹកបរិសុទ្ធ ២០កេស, ទឹកដោះគោខាប់ ២កេស, អូវ៉ាន់ទីន ២កេស, តែ ៥គីឡូក្រាម, ស្ករស ២៥គីឡូក្រាម, ត្រីងៀត ១០គីឡូក្រាម, សាចក្រក ១០គីឡូក្រាម, ជែល ៣កេស, ម៉ាស់ ១កេស និងបច្ច័យ ១០លានរៀល។ ក្នុងនោះប្រគេនព្រះសង្ឃ ១៥អង្គ ក្នុង ១អង្គៗ សាដក១ និងបច្ច័យមួយចំនួន៕