(ព្រះវិហារ)៖ ភ្ញៀវទេសចរជាច្រើននាក់ បានសំដែងការហួសចិត្ត ចំពោះសហគមន៍អេកូរទេសចរទឹកធ្លាក់ព្រះនិម្មិត-ខេត្តព្រះវិហារ ដែលមិនយកចិត្តទុកដាក់ សូម្បីតែស្លាកសញ្ញាបង្ហាញផ្លូវចូលទឹកធ្លាក់ព្រះនិម្មិត ដែលរហែកខូចខាតជាយូរមិនហើយ មិនព្រមធ្វើថ្មីវិញសោះ ខណៈភ្ញៀវទេសចរដែលមានបំណងចូលលេងនៅទឹកធ្លាក់ ត្រូវបង់លុយក្បាលឡានជាមុន រួចត្រូវអនុញ្ញាតឲ្យចូលកម្សាន្ត។

ភ្ញៀវទេសចរម្នាក់ក្នុងចំណោមភ្ញៀវទេសចរជាច្រើននាក់ បាននិយាយដោយធ្វើការរអ៊ូរទាំថា ត្រឹមស្លាកសញ្ញាបង្ហាញផ្លូវមួយផ្ទាំងចូលរម្មណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិត ក៏មិនព្រមធ្វើថ្មីដែរ សុខចិត្តទុកស្លាកសញ្ញាចាស់រហែករយ៉ែរយ៉ៃ បង្អួតភ្នែកភ្ញៀវទេសចរវិញ ចំណែកលុយក្បាលឡានវិញ បើមិនបង់ទេ គឺមិនអនុញ្ញាតឲ្យចូលទេ? តើគេយកលុយចំណូលពីក្បាលឡានដែលភ្ញៀវទេសចរបង់ឲ្យយកទៅធ្វើអ្វី?

មន្ត្រីសហគមន៍អេកូទេសចរទឹកធ្លាក់ព្រះនិម្មិត បានថ្លែងប្រាប់ថា ទាក់ទងនឹងស្លាកសញ្ញាផ្លូវចូលទៅទឹកធ្លាក់ព្រះនិម្មិត ពួកគាត់ថាភ្ញៀវទេសចរតែងតែសួរនាំជារឿយៗ ហើយពួកគាត់តែងតែយកពាក្យសំដីដែលភ្ញៀវសួរ ទៅប្រធានសហគមន៍ដែរ តែមិនដឹងយ៉ាងម៉េចទើបមិនទាន់ធ្វើថ្មីយកទៅដាក់។

មន្ត្រីសហគមន៍មួយចំនួន បានលើកឡើងទៀតថា ចំពោះចំណូលដែលបានមកពីការលក់សំបុត្រចូលកម្សាន្តនៅរម្មណីដ្ឋានទឹកធ្លាក់ព្រះនិម្មិត គឺក្នុងរថយន្តតម្លៃ៥០០០រៀល បើថ្ងៃធម្មតាបានប្រហែលជិត១០ម៉ឺនរៀល ប៉ុន្តែបើថ្ងៃបុណ្យទានធំៗដូចជា បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំវិញ គឺក្នុងមួយថ្ងៃអាចរកចំណូលបានជិត១លានរៀលដែរ នេះមិនទាន់គិតចំពោះចំណូលដែលយកពីការលក់ដូរ នៅខាងក្នុងផង។ រហូតមកដល់ថ្ងៃនេះ ពួកគាត់ជាអ្នកធ្វើការនៅក្នុងសហគមន៍ មិនទាន់ទទួលបានប្រាក់ឧបត្ថម្ភនៅឡើយទេ។

ទាក់ទងនឹងករណីនេះលោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ នៅរសៀលថ្ងៃនេះ មិនអាចសុំការបំភ្លឺបានទេ ដោយសារទូរស័ព្ទមិនអាចធ្វើការទាក់ទងបាន៕