(ភ្នំពេញ)៖ ប្រព័ន្ធសាលារៀនឌីជីថល Wiki School ត្រូវបានយកមកធ្វើបទបង្ហាញជូនអង្គពិធី ក្នុងសិក្ខាសាលាស្តីពី កាលានុវត្តភាពនៃវិស័យបច្ចេកទេសវិទ្យា និងនវានុវត្តន៍សម្រាប់ការអប់រំនៅកម្ពុជា ដែលកម្មវិធីនេះបានធ្វើឡើង នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ។

កម្មវិធីខាងលើត្រូវបានរៀបចំដោយសហព័ន្ធសេវាអប់រំនៅកម្ពុជា និងក្រុមហ៊ុន POSCAR ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ Wiki School ហើយគោលបំណងរបស់សិក្ខាសាលា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការតភ្ជាប់ឌីជីថល និងស្ទែម (STEM) នៅក្នុងកម្មវិធីសិក្សាសម្រាប់ការអប់រំចំណេះទូទៅ ព្រមទាំងផ្សព្វផ្សាយពីការប្រើប្រាស់បច្ចេកទេសវិទ្យាក្នុងការច្នៃប្រឌិតការបង្រៀន-រៀន និងការគ្រប់គ្រងគ្រឹះស្ថានសិក្សា ក៏ដូចជាផ្សព្វផ្សាយពីឱកាសក្នុងការសហការជាដៃគូ ដើម្បីប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់អាជីវកម្មលើវិស័យអប់រំ។

Wiki School ត្រូវបានអភិវឌ្ឍន៍ដោយក្រុមបច្ចេកទេស សុទ្ធតែជាបញ្ញាវ័ន្តខ្មែរ ដែលមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងវិស័យអប់រំ និងផ្នែកបច្ចេកវិទ្យាទំនើប។ គោលបំណង នៃការបង្កើតប្រព័ន្ធ Wiki School គឺជួយដល់សាលារៀន ឲ្យគ្រប់គ្រងរបាយការណ៍ផ្សេងៗបានឆាប់រហ័យ កាត់បន្ថយការបោះពុម្ពរបាយការណ៍ សេចក្តីជូនដំណឹង ដោយជំនួយដោយ Mobile App Wiki School ។

ក្រុមហ៊ុន POSCAR បានសហការណ៍រៀបចំប្រព័ន្ធ Wiki School និងឧបករណ៍វត្តមានឌីជីថល នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា សាលាភូមិន្ទរដ្ឋបាល សាលាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៉ីសុវត្ថិ សាលារាជធានីភ្នំពេញ ក្រសួងព័ត៌មាន វិទ្យាស្ថានជាតិអប់រំ និងសាលាឯកជនទៀតជាច្រើនផងដែរ។ POSCAR សព្វថ្ងៃនេះ កំពុងសហការជាមួយក្រសួងអប់រំ ក្នុងការផ្តល់មធ្យោបាយសិក្សាពីចម្ងាយ សម្រាប់ថ្នាក់បឋមសិក្សា ដល់ថ្នាក់វិទ្យាល័យ ហើយក្រុមហ៊ុនកំពុងធ្វើការជួយដល់ថ្នាក់ឧត្តមសិក្សាថែមទៀត។

Wiki School ជាកម្មវិធីគ្រប់គ្រងសាលាបែបឌីជីថល ដែលអនុញ្ញាតឲ្យលោកគ្រូ អ្នកគ្រូអាចដាក់កិច្ចការផ្ទះ ឬការងារគម្រោងឲ្យសិស្សតាមកម្មវិធីទូរស័ព្ទដៃ ហើយអាចឲ្យសិស្ស មាតាបិតាសិស្សផ្ញើសារទៅគ្រូបង្រៀន ឬសាលារៀនដើម្បីសាកសួរព័ត៌មានផ្សេងៗ ហើយក៏អាចឲ្យសាលារៀន ឬគ្រូបង្រៀនអាចផុសហ្វីតនៅក្នុងប្រព័ន្ធដើម្បីឲ្យសិស្ស មាតាបិតាសិស្សអាចទទួលព័ត៌មានព្រមទាំងអាចបញ្ចេញមតិ ឬអាចបញ្ចេញអារម្មណ៍ចូលចិត្តបានដែរ។

សម្រាប់ថ្នាក់រៀនឌីជីថល (Digital Classroom) ជាវេទិកាឌីជីថលសម្រាប់គាំទ្រដល់ការរៀន និងបង្រៀនតាមប្រព័ន្ធការសិក្សាពីចម្ងាយ E-Learning។ ថ្នាក់រៀនឌីជីថលនេះ អាចឲ្យគ្រូបង្រៀនដាក់មេរៀនជាវីដេអូ សម្លេង ឬ PDF ទៅក្នុងប្រព័ន្ធ ហើយសិស្សអាចចូលយកមេរៀនបាន តាមកម្រិតថ្នាក់ដែលសាលាបានកំណត់តាមកម្រិតថ្នាក់។

ថ្នាក់រៀនឌីជីថលក៏អាចឲ្យគ្រូបង្រៀនធ្វើការប្រឡង តាមប្រព័ន្ធអនឡាញបានដែរ ហើយអាចឲ្យលោកគ្រូ អ្នកគ្រូអាចបង្រៀនតាមសន្និសីទថ្នាក់រៀន (Class conference) ដែលអាចឲ្យគ្រូបង្រៀនអនឡាញ ហើយអាចឲ្យសិស្សចូលរួម និងអាចសួរសំណួរបានដែរ៕