(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា វិបត្តិសកលកូវីដ១៩ ដែលនៅតែបន្តគំរាមកំហែងដល់សុខភាពសាធារណៈ សេដ្ឋកិច្ច និងសន្តិសុខពិភពលោក ប៉ុន្តែបណ្តារដ្ឋជាសមាជិកអាស៊ានទាំងអស់ នៅតែបន្តយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅក្នុងតំបន់ក៏ដូចជាពិភពលោក។

ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានធ្វើឡើងនៅក្នុងពិធីបើកកិច្ចប្រជុំ ASOD ត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានលើកទី៧ ស្តីពីបញ្ហាគ្រឿងញៀន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ។ ដែលកិច្ចប្រជុំនេះត្រៀមនេះមានការអញ្ជេីញចូលរូមពីតំណាងស្ថាប័នត្រួតពិនិត្យគ្រឿងញៀន នៃបណ្តារដ្ឋអាស៊ាន។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកឡើងយ៉ាងដូច្នេះថា៖ «វិបត្តិសកលកូវីដ១៩ ដែលនៅតែបន្តគំរាមកំហែងដល់សុខភាពសាធារណៈ សេដ្ឋកិច្ច និងសន្តិសុខពិភពលោក ប៉ុន្តែបណ្តារដ្ឋអាស៊ានទាំងអស់ បន្តយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងតំបន់ក៏ដូចជាពិភពលោក»។

នាយឧត្តមសេនីយ៍ បានបន្តថា ដោយផ្អែកលើមេរៀន និងបទពិសោធន៍នាពេលកន្លងមក យើងបានដឹងយ៉ាងច្បាស់ថា ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល រួមនឹងនិរន្តភាព នៃការឆ្លើយតបលើបញ្ហាគ្រឿងញៀន ពិតណាស់ទាមទាឲ្យយើងទាំងអស់គ្នាមាននូវយន្តការច្បាស់លាស់ ឆន្ទៈមោះមុត និងកិច្ចសហប្រតិបត្តិការល្អ រវាងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ប្រកបដោយភាពទទួលខុសត្រូវ ភាពអំណត់ និងស្មារតីសាមគ្គីភាពទូលំទូលាយ។

ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានគូសបញ្ជាក់បន្ថែមទៀតថា៖ «ឈរលើទស្សនៈនេះ និងដោយផ្អែកលើស្ថានភាពជាក់ស្តែង និងនិន្នាការនៃការផលិត ចរាចរ និងប្រើប្រាស់គ្រឿងញៀន ដែលនៅពុំទាន់ថមថយនៅឡើយ នៅក្នុងបណ្តារដ្ឋសមាជិកអាស៊ាន ខ្ញុំកត់សម្គាល់ឃើញថាយន្តការអាស៊ាន ពិតជាបានរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងដោយគ្រឿងញៀន មិនត្រឹមតែក្នុងតំបន់ ក៏ដូចជាពិភពលោក ដូចដែលអង្គប្រជុំយើងបានជ្រាបពីការលើកឡើងខាងដើមរបស់ តំណាងប្រទេសជាសមាជិកនីមួយៗ»
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងកោតសរសើរ និងថ្លែងនូវអំណរអគុណចំពោះបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ចំពោះកិច្ចសហប្រតិបត្តិការ និងខិតខំប្រឹងប្រែងលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលបានលទ្ធផលគួរកត់សម្គាល់។

នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរដល់ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនឥណ្ឌូនេស៊ី ដែលបានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យលើសេចក្តីព្រាងរបាយការវាយតម្លៃពាក់កណ្តាលអាណត្តិ ស្តីពីការអនុវត្តផែនការសកម្មភាពសហគមន៍អាស៊ានប្រឆាំងនឹងបទល្មើសគ្រឿងញៀន ២០១៦-២០២៥ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ចប់ជាស្ថាពរ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្ថែមទៀតថា «ទោះបីយើងទាំងអស់គ្នាកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកក៏ពិតមែន តែយើងទាំងអស់គ្នាបានប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន តាមរយៈយន្តការជាតិ និងសហប្រតិបត្តិការអន្តរជាតិជាចច្រើនដែលក្នុងនោះមាន ការចូលរួមអនុវត្តយ៉ាងសកម្មនូវផែនការសកម្មភាពរបស់អាស៊ានស្តីពី សន្តិសុខសហគមន៍អាស៊ានប្រឆាំងនឹងបទល្មើសគ្រឿងញៀន ២០១៦-២០២៥ ជាផែនទីវិថីមួយដ៏សំខាន់សម្រាប់យើងទាំងអស់គ្នា។ ការអនុវត្តផែនការសកម្មភាពនេះ ពិតជាមានសារសំខាន់ និងឆ្លើយតបបានទៅនឹងយន្តការត្រួតពិនិត្យគ្រឿងញៀនទាំងក្របខ័ណ្ឌថ្នាក់ជាតិ តំបន់ និងសកលលោក ពិសេសក្នុងបរិបទនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន ដែលយើងទាំងអស់គ្នាទទួលបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់»

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ស្អែកនេះ ប្រទេសកម្ពុជានឹងទទួលធ្វេីជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីបញ្ហាគ្រឿងញៀន លេីកទី៧ ក្រោមអធិបតីភាពបេីកកិច្ចប្រជុំដោយនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៕