(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តនូវកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកវិទ្យា និងវិជ្ជាជីវៈ (TVET) ដែលជាមុំមួយនៅក្នុងយុទ្ធសាស្រ្តចតុកោណ ផ្តោតលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

ការស្នើបែបនេះរបស់លោករដ្ឋមន្ត្រី អ៉ិត សំហេង ធ្វើឡើងនាឱកាសទទួលជួបលោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលត្រូវផុតអាណត្តិ តាមរយៈប្រព័ន្ធវីដេអូ (Zoom) នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

នាជំនួបនោះ លោក អ៉ិត សំហេង បានជម្រាបជូនលោកស្រី Sunniya អំពីវឌ្ឍនភាពមួយចំនួនដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុវត្តនូវគម្រោងធំៗដែលជាការជួយឧបត្ថម្ភគាំទ្រពីធនាគារអភិវឌ្ឍអាស៊ី។

លោកលើកឡើងថា បច្ចុប្បន្ន អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបាននិងកំពុងអនុវត្តគម្រោងធំៗចំនួន ២ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី រួមមាន៖ ១. គម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ២. គម្រោងជំនាញសម្រាប់ការប្រកួតប្រជែង។ គម្រោងទាំង២នេះ បានចូលរួមអនុវត្តឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម, គោលនយោបាយអភិវឌ្ឍន៍មុខរបរ និងការងារ, គោលនយោបាយជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ផែនការយុទ្ធសាស្រ្តសកម្មភាពការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងផែនការមេសម្រាប់អភិវឌ្ឍន៍គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងនោះរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ, ការបំពាក់ឧបករណ៍សម្ភារៈ, ការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍកម្មវិធីសិក្សា, ការបណ្តុះបណ្តាល, ប្រាក់ឧបត្ថម្ភសិស្ស, កម្មសិក្សា (គ្រូនិងសិស្ស) និងការសិក្សាផ្អែកលើការងារ។

លោកស្រី Sunniya បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍លើវិស័យជាច្រើនរបស់ជាតិ ក្នុងនោះជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលចាត់ទុកថាជាវិស័យស្នូរដ៏សំខាន់មួយក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ច។

ឆ្លងកាត់បទពិសោធន៍ក្នុងអាណត្តិការងារកន្លងមក លោកស្រី Sunniya បានមើលឃើញពីខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឲ្យមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់។

លោករដ្ឋមន្ត្រី អ៉ិត សំហេង ក៏បានជម្រាបលោកស្រីថា កាលពីម្សិលមិញ ក្រសួងបានប្រកាសបើកដំណើរការឡើងវិញនូវគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) ក្រោមឱវាទក្រសួង ក្រោយទទួលបានការឯកភាពពីសម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការបើកដំណើរការឡើងវិញគ្រឹះស្ថាន អ.ប.វ. គឺមានភាពចាំបាច់ណាស់ ដើម្បីធានាបាននូវការបណ្តុះបណ្តាលប្រកបដោយគុណភាព និងប្រសិទ្ធភាពនៃកម្លាំងពលកម្មជំនាញ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ជាងនេះទៅទៀត ការអប់ររំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាឧបករណ៍ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានសំណូមពរ និងស្នើដល់ ADB បន្តនូវកិច្ចសហប្រតិបត្តិការលើវិស័យ TVET ជាមុំមួយនៅក្នុងយុទ្ធសាស្រ្តចតុកោណ ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស។

លោក អ៉ិត សំហេង ក៏បានស្នើដល់ ADB ចំពោះការផ្តល់គម្រោងគាំទ្រវិស័យ TVET នានា សូមឱ្យមានភ្នាក់ងារអនុវត្តន៍គម្រោងដោយក្រសួងសាមីផ្ទាល់តែម្តង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង តាមដាន និងត្រួតពិនិត្យ ក៏ដូចជាប្រសិទ្ធភាពនៃការអនុវត្តគម្រោងប្រកបដោយគុណភាព។

ឆ្លើយតបជាមួយនឹងសំណូមពររបស់លោករដ្ឋមន្ត្រី លោកស្រី Sunniya Durrani-Jamal នឹងលើកយកសំណើទាំងនេះ ជួយសិក្សារកវិធីសាស្ត្រ និងគាំទ្រ ដើម្បីឲ្យយុវជនងាកមកចាប់អារម្មណ៍ចុះឈ្មោះចូលរៀនក្នុងប្រព័ន្ធ TVET ដោយក្នុងនោះនឹងបន្តសហការជាមួយគ្នា ដើម្បីរៀបចំគម្រោងថ្មីៗថែមទៀត សំដៅធានាដល់ការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលផង ធ្វើការផង ក៏ជាដំណោះស្រាយដ៏ល្អ ក្នុងការបង្កើតកម្លាំងពលកម្មជំនាញ ព្រោះថាការបណ្តុះបណ្តាលតែនៅតាមគ្រឹះស្ថានរហូតដល់ចប់ ហើយទើបចូលទៅទីផ្សារការងារគឺមិនអាចឆ្លើយតបទាន់តាមតម្រូវការនៃទីផ្សារការងារបាននោះទេ៕