(ឧត្តរមានជ័យ)៖ លោក គីម វីរៈ អនុប្រធានយុវជនបក្សខេត្តឧត្តមានជ័យ និងជាប្រធានយុវជនបក្សចុះជួយស្រុកត្រពាំងប្រាសាទ និងលោក គង់ កន្នារិទ្ធ សមាជិកយុវជនបក្សខេត្ត ចុះជួយស្រុកត្រពាំងប្រាសាទ រួមជាមួយលោកអភិបាលស្រុកត្រពាំងប្រាសាទ ជាប្រធានគណៈកម្មាការគណបក្សស្រុក និងក្រុមការងារ បានចុះជួបសំណេះសំណាលជាមួយក្រុមការងារយុវជនក្នុងឃុំចំនួន៥ រួមមាន៖ ឃុំប្រឡាយ ឃុំទំនប់ដាច់ ឃុំ ត្រពាំងប្រាសាទ ឃុំអូរស្វាយ និងឃុំផ្អាវ ដែលមានសមាជិកសរុបចំនួន ២២៥នាក់។

នៅក្នុងជំនួបសំណេះសំណាលជាមួយយុវជនបក្សក្នុងស្រុកត្រពាំងប្រាសាទនេះ លោក គីម វីរៈ បានជម្រាបជូនក្រុមការងារអំពីតួនាទី ភារកិច្ច និងរបៀបធ្វើការរបស់យុវជន ការពង្រឹងសកម្មភាពការងារដើម្បីឱ្យស្របទៅតាមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោក គីម វីរៈ ក៏បានណែនាំឱ្យក្រុមការងារយុវជនដែលបានចូលរួម ត្រូវមានចិត្តខ្លាហាន មោះមុតបម្រើដល់ផលប្រយោជន៍របស់បក្ស និងប្រជាជនតាមរយៈការធ្វើជាសេនាធិការឱ្យមេភូមិ មេឃុំ ក្នុងការតាមដាន ក្តាប់ឱ្យបានច្បាស់អំពីបញ្ហាប្រឈម និងតម្រូវការនានា របស់ប្រជាពលរដ្ឋ និងរាយការណ៍បន្ទាន់មកកាន់ក្រុមការងារថ្នាក់ស្រុក ដើម្បីពិនិត្យលទ្ធភាពក្នុងការជួយដោះស្រាយដល់អ្នកជួបការលំបាក។

ក្នុងឱកាសនោះ លោក គីម វីរៈ បានកោតសរសើរ និងលើកទឹកចិត្តជាពិសេសក្រុមយុវជនបក្ស និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានត្រូវចូលរួមចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ លោក ក៏បានជំរុញឱ្យយុវជនធ្វើសកម្មភាពការងារឱ្យកាន់តែមានភាពសកម្មបន្ថែមទៀត។

យោងតាមសំណើររបស់ប្រធានយុវជនបក្សឃុំ លោក គីម វីរៈ បានផ្តល់ជូននូវកុំព្យូទ័រយួរដៃ ចំនួន ១គ្រឿង និងម៉ាស៊ីនព្រីនឯកសារ ១គ្រឿង និងអាវបក្សចំនួន៥០ សម្រាប់ក្រុមការងារយុវជនឃុំនីមួយៗសម្រាប់ប្រើប្រាស់។

ដោយពិនិត្យឃើញការលំបាករបស់ក្រុមយុវជនបក្សប្រមាណ ២៥គ្រួសារ លោក គីម វីរៈ ក៏បានឧបត្ថម្ភនូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ដើម្បីពួកគេដោះស្រាយការលំបាកផងដែរ។ គ្រឿងឧបភោគ បរិភោគ ដែលបានឧបត្ថម្ភនោះ រួមមាន៖ អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអីវ និងក្រម៉ា។

លោក គីម វីរៈ ក៏បានឧបត្ថម្ភថវិកា ៤,៥០០,០០០ រៀល ដល់ក្រុមការងារយុវជនបក្សឃុំទាំងអស់ដែលបានចូលរួមសម្រាប់ការធ្វើដំណើរផងដែរ និងបានឧបត្ថម្ភថវិកាចំនួន ១០០,០០០រៀល ដល់យុវនារីបក្ស ដែលមានផ្ទៃពោះ និងសន្យាដោះស្រាយបើមានបញ្ហានៅពេលសម្រាល៕