(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចបន្តដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ រួមមានជាអាទិ៍៖ ខារ៉ាអូខ រង្គសាល ឌីស្កូតែក និងបៀហ្គាឌិន អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមណ្ឌលកីឡា។

រដ្ឋបាលខេត្ត បានបន្ដថា រាល់សកម្មភាពការងារ មុខរបរ អាជីវកម្មដែលមិនត្រូវបានហាមឃាត់ខាងលើនេះ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឹងម៉ាត់ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បន្ថែមពីនេះទៀត ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាលត្រូវបានផ្អាកជាបណ្តោះអាសន្នការជួបជុំប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី ១០នាក់ លើកលែងតែចំពោះករណីដូចខាងក្រោម៖

*ទី១៖ ការជួបជុំលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា
*ទី២៖ ការរៀបចំពិធីបុណ្យសព ដោយគោរពតាមវិធានការសុខាភិបាល និងតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច
*ទី៣៖ ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារថែរក្សាសង្គ្រោះបន្ទាន់ផ្សេងទៀត
*និងទី៤៖ ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង៕

ខាងក្រោមនេះ ជាសេចក្ដីសម្រេចបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ៖