(កំពង់ឆ្នាំង-បាត់ដំបង)៖ លោកតា លោកយាយ ដែលមានអាយុចាប់ពី១០០ឆ្នាំឡើង ចំនួន៧នាក់បន្ថែមទៀតហើយ នៅខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រោយស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នាំយកទៅប្រគល់ជូនលោកតា លោកយាយ ដល់ខ្នងផ្ទះនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ។

លោកតា លោកយាយ ទាំង៧នាក់ដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នោះរួមមាន៖

*ទី១៖ លោកតា យូរ អន អាយុ១០០ឆ្នាំ រស់នៅភូមិប្រស្នឹប ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
*ទី២៖ លោកយាយ លឹម ស៊ុន អាយុ១០៣ឆ្នាំ រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
*ទី៣៖ លោកយាយ ងុន ហ៊ាន អាយុ១០៣ឆ្នាំ រស់នៅភូមិជ្រៃរុន ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង
*ទី៤៖ លោកយាយ ចាន់ ហៀវ អាយុ១០០ឆ្នាំ រស់នៅភូមិប៉ែន ឃុំព្រៃក្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង
*ទី៥៖ លោកយាយ ព្រំ សាន់ អាយុ១០២ឆ្នាំ រស់នៅភូមិស្លាបប៉ាង ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង
*ទី៦៖ លោកយាយ យិប យ៉ុម អាយុ១០០ឆ្នាំ រស់នៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង
*ទី៧៖ លោកយាយ រស់ រដ្ឋ អាយុ១០០ឆ្នាំ រស់នៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ និងមូលហេតុអ្វីដែលជំរុញឲ្យរូបគាត់ ទៅទទួលយកនូវការចាក់វ៉ាក់សាំង។

ទាំងលោកតា និងលោកយាយដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។

ពួកគាត់បានបង្ហាញនូវការយល់ឃើញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺពិតមានជាសារៈសំខាន់ខ្លាំងណាស់សម្រាប់គាត់ បើទោះបីរូបគាត់ចាស់ជរាក៏ពិតមែន ប៉ុន្ដែវ៉ាក់សាំងអាចការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ បើទោះបីរូបគាត់ឆ្លងដោយប្រការណាមួយ ក៏មិនបណ្ដាលឲ្យឈឺធ្ងន់ធ្ងរនោះដែរ។

សូមជម្រាបថា រហូតមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ ក្នុងនាមជាសេនាធិការជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, លោកស្រី ឱ វណ្ណឌីន បាននាំយកអំណោយមនុស្សធម៌របស់សម្ដេច ផ្ដល់ជូនលោកតា លោកយាយ ដែលមានអាយុ១០០ឆ្នាំឡើង បានចំនួន១៣៦នាក់រួចហើយ ខណៈនៅមួយចំនួនទៀត នឹងយកទៅប្រគល់ជូនដល់ខ្នងផ្ទះជាបន្ដបន្ទាប់៕