(ព្រៃវែង)៖ លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ និងលោក ប៉ុក ឆុន ប្រធានក្រុមប្រឹក្សារស្រុកកំចាយមារ រួមជាមួយក្រុមការងារ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បាននាំយកអំណោយថ្លៃថ្លារបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី ប្រគល់ជូនប្រជាពលរដ្ឋដែលជួបការលំបាក ក្នុងបរិបទនៃជំងឺកូវីដ១៩ មកពីឃុំចំនួន៥ នៃស្រុកកំចាយមារ នៅភូមិគ្រឹះសម្តេច ជា ស៊ីម ដែលស្ថិតនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

លោក សឿង សុជាតិ បានលើកឡើងថា ក្នុងបរិបទនៃជំងឺកូវីដ១៩នេះ ប្រជាពលរដ្ឋត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ដោយអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសប្រសាសន៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ ៣ការពារ និង៣កុំ ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីឌែលតា (Delta) ឲ្យមានប្រសិទ្ធភាពខ្ពស់។

លោក សឿង សុជាតិ បានបន្តទៀតថា នៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងតែមានការរីករាលដាលឆ្លងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តព្រៃវែងនេះ រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំស្វះស្វែងរកវ៉ាក់សាំងចាក់ប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើយ៉ាងណា បង្កើតភាពស៊ាំនៅក្នុងសហគមន៍ ដើម្បីកាត់ដាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជានេះឱ្យបាន។

ក្នុងនោះដែរលោកអភិបាលស្រុក ក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋនៅស្រុកកំចាយមារទាំងអស់ សូមកុំមានការរើសអើងដល់ប្រជាពលរដ្ឋដែលកើតជំងឺកូវីដ១៩ ឬក៏សាច់ញាតិដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ឱ្យសោះព្រោះថាគ្មានអ្នកណាចង់កើតនោះទេ។

សូមបញ្ជាក់ថា សម្ភារដែលបានចែកជូនប្រជាពលរដ្ឋនោះក្នុងមួយគ្រួសារទទូលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកស៊ីអ៊ីវ ១យួ, ទឹកត្រី ១យួរ, ទឹកសុទ្ធ ១កេស, សាប៊ូ ២ដប, ទឹកផ្លែឈើ ១កេស,និងថវិកា ៧ម៉ឺនរៀលផងដែរ៕