(ភ្នំពេញ)៖ លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ការអនុវត្តអាករលើតម្លៃបន្ថែម (VAT) ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាការបង្ហាញពីការប្រកួតប្រជែង ប្រកបដោយភាពស្មោះត្រង់ និងស្មើភាពរវាងអ្នកលក់ទំនិញ តាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស។

ការលើកឡើងរបស់លោកអគ្គនាយករង ធ្វើឡើងក្នុងកម្មវិធីរបស់អគ្គនាយកដ្ឋានពន្ធដារ ស្ដីពី «អាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក» នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។

មន្រ្ដីជាន់ខ្ពស់រូបនេះបន្ថែមថា «ប្រសិនបើយើងមិនប្រមូលអាករលើតម្លៃបន្ថែម (VAT) ពីសកម្មភាពពាណិជ្ជកម្ម ចំពោះអាជីវករ ដែលមិនមានអាស័យដ្ឋានអចិន្ដ្រៃយ៍ នៅប្រទេសកម្ពុជា និងលក់ទំនិញដោយមិនបង់ពន្ធ (VAT) នេះ ជាការមិនស្មើភាពនៃការប្រកួតប្រជែង រវាងអាជីករដែលមានអាស័យដ្ឋាន នៅក្នុងប្រទេសកម្ពុជានោះឡើយ។ ផ្ដោតលើហេតុផលទាំងនេះហើយ បានជារាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញអនុក្រឹត្យ ដើម្បីធានាលើភាពប្រកួតប្រជែងដោយស្មើភាពគ្នា»។

លោកបានបន្ថែមថា ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងការស្វែងយល់អំពីកាតព្វកិច្ច នៃការបង់ពន្ធអាករលើតម្លៃបន្ថែម (VAT) ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ថ្មីៗនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាស ដោយបានចែង និងពន្យល់លម្អិតពីនិតិវីធី ការអនុវត្តន៍សកម្មភាពទាំងនេះផងដែរ។

ការអនុវត្តអាករលើតម្លៃបន្ថែម (VAT) ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋតែងតែភ័ន្ដច្រឡំថា ជាការបង្កើតពន្ធថ្មី ហើយមន្រ្ដីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ក៏ធ្លាប់បញ្ជាក់ចំពោះការយល់ច្រឡំនេះថា៖ ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មិនមែនជាការបង្កើតពន្ធថ្មីនោះទេ។

អាករលើតម្លៃបន្ថែម (VAT) គឺជាពន្ធត្រូវបានប្រមូលលើផលិតផល ឬសេវាគ្រប់ភេទរួចហើយ ក្នុងច្បាប់សារពើពន្ធ ប៉ុន្តែកន្លងទៅការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកអត់ទាន់មានច្បាប់ តែនៅឆ្នាំ២០១៩ ច្បាប់ ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកច ត្រូវបានអនុម័ត ដូច្នេះតាមរយៈច្បាប់នេះ មានការកំណត់និយមន័យ ពីសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ទើបធ្វើការសម្រួលពន្ធ VAT ដែលយើងបានអនុវត្តរួចនោះ លើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះដែរ ទើបមានការយល់ច្រឡំថា រាជរដ្ឋាភិបាលបង្កើតពន្ធថ្មី ប៉ុន្តែមិនមែនទេ គឺជាពន្ធដែលយើងមានស្រាប់។

អនុក្រឹត្យ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ មានវិសាលភាពគ្របដណ្តប់ក្រុមហ៊ុនបរទេស ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍ (ទីតាំងស្នាក់ការ) នៅក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ដូចជាក្រុមហ៊ុនណាមួយ ដែលមិនមានទីតាំងក្រុមហ៊ុនរបស់ខ្លួននៅកម្ពុជា ប៉ុន្តែក្រុមហ៊ុននោះមានអតិថិជនរបស់ខ្លួននៅកម្ពុជា ដូច្នេះអនុក្រឹត្យថ្មីនេះ មានវិសាលភាពគ្របដណ្តប់ ទៅលើយក្រុមហ៊ុនប្រភេទនេះ។ នៅពេលអតិថិជនក្នុងស្រុកទិញសេវា ឬផលិតឌីជីថល ពីក្រុមហ៊ុនដែលមិនមានទីតាំងក្នុងស្រុកខ្មែរ ក្រុមហ៊ុននោះត្រូវកាត់ទុក VAT ចំនួន១០%៕