(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានជួបពិភាក្សាការងារជាមួយ លោក WANG YANG ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធនិម្មិត (Zoom) នៅវិមានព្រឹទ្ធសភា។

កិច្ចពិភាក្សាការងារទ្វេភាគី នៃស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ គឺផ្តោតសំខាន់លើ «កិច្ចសហប្រតិបត្តិការប្រឆាំងនឹងជំងឺរាតត្បាតរវាងប្រទេសទាំងពីរ ការផ្លាស់ប្តូរបទពិសោធន៍ផ្នែកអភិបាលកិច្ច និងបញ្ហានានាដែលជាការព្រួយបារម្ភរួម»។ នេះបើតាមការផ្សព្វផ្សាយរបស់ព្រឹទ្ធសភាកម្ពុជា។

កិច្ចពិភាក្សានេះ ក៏ផ្តល់សារសំខាន់ដល់ការចូលរួមលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរផងដែរ៕