(ភ្នំពេញ)៖ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូន ដែលមានរថយន្តមិនទាន់បង់ពន្ធ និងអាករនាំចូល បានដឹងពីចំនួនទឹកប្រាក់ដែលត្រូវបង់ពន្ធនោះ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំនូវតារាងប្រាក់ពន្ធ ដែលត្រូវបង់លើរថយន្តចង្កូតឆ្វេង និងស្តាំ មានស្រាប់ក្នុងប្រទេស ទៅតាមឆ្នាំផលិតនីមួយ។

*ប្រាក់ពន្ធនិងអាករដែលបានអនុគ្រោះបន្ធូរបន្ថយ ១០% សម្រាប់រថយន្តចង្កូតឆ្វេង មានសុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ប៉ុណ្ណោះ។

*ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ម្ចាស់រថយន្តនៅតែអាចស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធអាករ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែប្រាក់ពន្ធនិងអាករនឹងត្រូវបង់ពេញលេញ ដោយពុំមានអនុគ្រោះបន្ធូរបន្ថយទៀតឡើយ។

*ដោយឡែក ចំពោះរថយន្តចង្កូតស្តាំមានស្រាប់ក្នុងប្រទេស ការអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធអាករ ១០% នឹងមានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែម្ចាស់រថយន្តត្រូវកែចង្កូតមកឆ្វេង៕