(បន្ទាយមានជ័យ)៖ ទំនិញខូចគុណភាពជាច្រើនប្រភេទ រួមមាន នំធុង ទឹកដោះគោស្រស់ យ៉ាអ៊ួរ រួមនឹងទំនិញផ្សេងៗទៀតចំនួន ២,៦៥៥.៦២គីឡូក្រាម ដែលកម្លាំងជំនាញបង្ក្រាបបានជាបន្តបន្ទាប់ នៅតាមទីផ្សារក្នុង ខេត្តបន្ទាយមានជ័យ ត្រូវបាននាំយកទៅដុតកម្ទេចចោលនាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ។

ពិធីដុតកម្ទេចចោលនេះ បានធ្វើឡើងក្រោមវត្តមានលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាខេត្ត ព្រមទាំងមានការចូលរួមពីអភិបាលស្រុកម៉ាឡៃ, អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ នៅចំណុចដីឡូតិ៍មួយកន្លែង សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

មន្ត្រីជំនាញបានឱ្យដឹងថា ទំនិញខូចគុណភាពទាំងនេះ ត្រូវបានមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបន្ទាយមានជ័យ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះចាប់ និងដកហូតនៅតាមទីផ្សារកន្លងមក។

មន្រ្តីថា ទំនិញខូចគុណភាពទាំងនេះ ត្រូវក្រុមឈ្មួញលួចដឹកជញ្ជូនខុសច្បាប់តាមច្រករបៀង ចេញពីប្រទេសថៃយកមកដាក់លក់តាមទីផ្សាររួមមាន៖ នំធុង ចំនួន៦៨ធុង ស្មើនឹង ២៧២គីឡូក្រាម, ទឹកដោះគោ Dutch Mill ចំនួន ២ ០៧០ដប ស្មើនឹង ១,៧១៨.១០គីឡូក្រាម, ទឹកដោះគោស្រស់ Meji ៣០០ដប ស្មើនឹង ៦០០លីត្រ, យ៉ាអ៊ួរ Dutch Nata De Coco ២១យួរ ស្មើនឹង ៦៥.៥២គីឡូក្រាម សរុបទាំងអស់ចំនួន ២,៦៥៥.៦២គីឡូក្រាម។

លោកស្រី រស់ សុផានី បានឱ្យដឹងដែរថា អាជីវករ និងពាណិជ្ជករមួយចំនួនតូចនៅតែបន្តបំពានក្នុងការអនុវត្តធុរកិច្ចមិនសុចរិតជាដើម ហើយពួកគេបានយកច្រករបៀងនៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ ជាផ្លូវនាំចូលគ្មានការត្រួតពិនិត្យ ហូរចូលយកមកធ្វើចរាចរណ៍នៅទីផ្សារ មានទាំងផលិតផលទំនិញមួយចំនួន គ្មានផ្លាកសញ្ញា បិទស្លាកសញ្ញាជាភាសាខ្មែរ គ្មានប្រភពច្បាស់លាស់ ឬប្រភពផលិតក្លែងក្លាយ ដែលជាហេតុបង្កការលំបាក ក្នុងការស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាប ហើយអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាយថាហេតុដល់សុខភាពសុវត្ថិភាពរបស់អ្នកប្រើប្រាស់ផងដែរ៕