(រតនគីរី)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអភិបាលថ្មីខេត្តរតនគិរី លោក ញ៉ែម សំអឿន រួមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងកងកម្លាំង ពិសេសកម្លាំងការពារព្រំដែន ត្រូវការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តជាប់ព្រំដែន ដើម្បីជំរុញការអភិវឌ្ឍព្រំដែនឱ្យទៅជាព្រំដែនមានទាំងសន្តិភាព ទាំងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ជាមួយគ្នានេះសម្តេចក្រឡាហោម ក៏បានណែនាំខិតខំពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ខិតខំថែរក្សា ការពារព្រៃឈើ និងធនធានធម្មជាតិផ្សេងៗទៀតនៅក្នុងខេត្តឱ្យបានល្អ និងមានប្រសិទ្ធភាព។

ការណែនាំរបស់សម្តេក្រឡាហោម ស ខេង បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលថ្មីខេត្តរតនគិរី គឺលោក ញ៉ែម សំអឿន ជំនួសលោក ថង សាវុន ដែលត្រូវបានតែងតាំងជាអភិបាលខេត្តមណ្ឌលគិរី។

នៅក្នុងឱកាសនោះសម្តេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យរដ្ឋបាលខេត្តរតនគិរី បន្តខិតខំថែរក្សាការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់ ដែលជាគន្លឹះនៃធានាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងខិតខំបន្តអនុវត្តវិធានការ បង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្ដេចក្រឡាហោម បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងអំណរគុណ និងកោតសរសើរលោក ថង សាវុន ដែលក្នុងរយៈពេលកន្លងមកបានខិតខំបំពេញភារកិច្ចដឹកនាំ សម្របសម្រួល សហការជាមួយក្រុមប្រឹក្សា មន្រ្តីរាជការស៊ីវិល កងកម្លាំង និងប្រជាពលរដ្ឋ ធ្វើឱ្យខេត្តរតនគិរីមានការអភិវឌ្ឍរីកចម្រើន ការពារបានសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សារណៈ ពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ទោះបីចុងក្រោយនេះមានការប្រឈមការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ។

សម្ដេចក្រឡាហោម ស ខេង ក៏បានស្នើក្រុមប្រឹក្សា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ទាំងអស់សូមផ្ដល់ការគាំទ្រលោក ញ៉ែម សំអឿន ក្នុងការកិច្ចការបម្រើជាតិ និងប្រជាជនក្នុងឋានៈជាអភិបាលថ្មី នៃអភិបាលខេត្តរតនគិរី។

ពាក់ព័ន្ធនឹងស្ថានភាពកូវីដ១៩ សម្ដេចក្រឡាហោម ស ខេង បានបន្តផ្ដល់ការណែនាំអំពីស្ថានភាពនៃការរៀនរស់ជាមួយនឹងជំងឺកូវីដ១៩ ដើម្បីធានាប្រក្រតីភាពនៃការបំពេញភារកិច្ច ជាក់ស្ដែងការប្រារព្ធពិធីប្រកាសអភិបាលខេត្តដែលរៀបចំនៅទីតាំងបរិវេណខាងក្រៅ កាត់បន្ថយអ្នកចូលរួម ពាក់ម៉ាស់ បាញ់អាល់កុល និងរក្សាគម្លាតនាពេលនេះគឺវិធីរៀនរស់ជាមួយកូវីដ១៩ហើយ។

ទន្ទឹមនឹងការបន្តលើកទឹកចិត្តឱ្យខិតខំផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់ទស្សនៈឱ្យថ្នាក់ដឹកនាំ និងមន្ត្រីចំណុះរដ្ឋបាលខេត្តទាំងអស់ ខិតខំប្រមូល និងដោះស្រាយបញ្ហាប្រជាពលរដ្ឋ ឱ្យបានល្អ បើកចិត្តឱ្យបានទូលាយដើម្បីទទួលយកមតិរិះគន់កែលម្អរ និងសំណូមពរនានាពីប្រជាពលរដ្ឋ និងពីមជ្ឈដ្ឋាននានា។ មិនតែប៉ុណ្ណោះអ្វីដែលសម្តេចក្រឡាហោម ស ខេង មិនដែលរំលងនោះ គឺបន្តបានណែនាំឱ្យយកចិត្តទុកដាក់ផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋឱ្យបានល្អ ផ្ដល់សេវាសាធារណៈដោយគ្មានការរើសអើង និងប្រកាន់និន្នាការនយោបាយ។

សម្ដេចក៏បានបន្តមានប្រសាសន៍អំពីដំណើរការនៃការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពិសេសវឌ្ឍនភាពនៃការផ្ទេរមុខងារ ធនធាន និងសិទ្ធិអំណាច ពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ ដើម្បីថ្នាក់ដឹកនាំមូលដ្ឋាន មានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ កាន់តែមានលទ្ធភាពក្នុងការបម្រើសេវាធារណៈ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋដែលនៅកៀកនឹងខ្លួនឱ្យបានកាន់តែល្អប្រសើរ។

សម្ដេចក្រឡាហោមក៏បានណែនាំឱ្យមន្រ្តីរាជការមូលដ្ឋានទាំងអស់ សូមខិតខំកៀគរការគាំទ្រពីប្រជាពលរដ្ឋបានសកម្ម ដើម្បីធានាការអនុវត្តគោលនយោបាយនានា រួមទាំងគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យទទួលបានលទ្ធផលប្រសើរ។

បន្ថែមពីនេះ សម្តេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់អំពីការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងដំណើរការបោះឆ្នោតសកល និងអសកលជាបន្តបន្ទាប់ទៀត ដោយបានណែនាំឱ្យមានការចូលរួមធ្វើឱ្យដំណើរការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយរលូន ដ្បិតការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ ក្រុងស្រុកខណ្ឌ និងរាជធានីខេត្តនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដូចនេះគណៈអភិបាល និងក្រុមប្រឹក្សា ត្រូវមានកិច្ចសហការគ្នាអនុវត្តភារកិច្ចតាមច្បាប់ឱ្យបានល្អ៕