(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យ លោក Istvan BAKOS ភារធារីស្ថានទូត នៃប្រទេសហុងគ្រី ប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន នៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្ត រវាងប្រទេសកម្ពុជា និងប្រទេសហុងគ្រី ហើយបានចាត់ទុកប្រទេសហុងគ្រី ជាមិត្តដ៏ល្អ និងមានកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយកម្ពុជា។

ក្នុងឱកាសនោះ ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសហុងគ្រី ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណង ចូលរួមជួយដល់វិស័យសកម្មភាពមីននៅកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅទឹកប្រាក់ចំនួន ២៨,៥៧០ដុល្លារអាមេរិក។

លោកទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់លោកភារធារីថា អាជ្ញាធរមីន បានប្រើប្រាស់ហិរញ្ញប្បទានឥតសំណងនេះ សម្រាប់អនុវត្តគម្រោងចំនួន២ រួមមាន៖ ទី១៖ គម្រោងសាកល្បងភូមិអស់ការគម្រាម ដោយសារមីននៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប លើផ្ទៃដី ៤៦,០០៩ ម៉ែត្រក្រឡា និងទី២៖ គម្រោងការផ្ទៀងផ្ទាត់ ផ្ទៃដីចម្ការមីននៅដីជាក់ស្តែង ក្នុងខេត្តកែប និងខេត្តកោះកុង។

ទេសរដ្ឋមន្ត្រី បានបន្តទៀតថា អាជ្ញាធរមីន បានទទួលការអនុញ្ញាតពីសម្តេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ជ្រើសយកខេត្តកែប ជាខេត្តដំបូងអស់ការគម្រាមមីន ដែលមានផលប៉ះពាល់តិចតួចជាងគេ ដើម្បីអនុវត្តន៍ខេត្តដំបូងគេបង្អស់អស់ការគម្រាម ក្រោមការគាំទ្ររបស់រដ្ឋាភិបាលប្រទេសហុងគ្រី និងជ្រើសរើសយកប្រតិបត្តិករជាតិ CMAC ជាអ្នកអនុវត្ត ក្នុងការផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋនៅខេត្តកែប។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ លោកបានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យសកម្មភាពបោសសម្អាតមីន របស់ប្រតិបត្តិករជាតិ CMAC លើគម្រោងជំនួយឥតសំណងរបស់ប្រទេសហុងគ្រី ដែលជាលទ្ធផល បានរកគ្រាប់មីនចំនួន៥គ្រាប់ សំណល់ជាតិផ្ទុះ ពីសង្រ្គាមរាប់សិបគ្រាប់ និងអំបែងរាប់ពាន់បំណែកផងដែរ។

លោកបន្តទៀតថា បន្ទាប់ពីបញ្ចប់ការងារបោសសម្អាតមីន នៅភូមិដំណាក់ចង្អើរ អាជ្ញាធរមីន នឹងរាយការណ៍ ជូនទៅរដ្ឋាភិបាលនៃប្រទេសហុងគ្រី តាមរយៈភារធារី ស្ថានទូតហុងគ្រីប្រចាំនៅកម្ពុជា អំពីលទ្ធផលសម្រេចបាន ក្នុងការប្រើប្រាស់ហិរញ្ញប្បទានឥតសំណងនេះ ហើយនឹងគ្រោងរៀបចំ ពិធីប្រកាសភូមិដំណាក់ចង្អើរ ជាភូមិអស់ការគម្រាមដោយសារមីនផងដែរ។

ស្របពេលជាមួយគ្នានេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យរដ្ឋាភិបាលនៃប្រទេសហុងគ្រី បន្តជួយគាំទ្រដល់ការអនុវត្តយន្តការ ភូមិអស់ការគម្រាមដោយសារមីន លើភូមិចំនួន២ទៀត ស្ថិតក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប រួមមាន៖ ភូមិចម្ការបី និងភូមិចម្ការចេក ដែលមានចម្ការមីនចំនួន ១០ លើផ្ទៃដីគម្រាមកំហែង ដោយសារមីនចំនួន ៦២៥,៣១៩ ម៉ែត្រក្រឡា ដើម្បីឲ្យខេត្តកែប ជាខេត្តអស់ការគម្រាម ដោយសារមីនដំបូងគេបង្អស់នៅកម្ពុជា។

លោក Istvan BAKOS ភារធារីស្ថានទូតប្រទេសហុងគ្រី បានលើកឡើងថា រដ្ឋាភិបាលហុងគ្រី គឺជាមិត្តដ៏យូរលង់របស់កម្ពុជា ព្រមទាំងបានកសាងនូវទំនាក់ទំនងយ៉ាងល្អជាប្រវត្តិសាស្រ្តជាមួយកម្ពុជា ដែលក្នុងនោះ បានផ្តល់អាហារូបករណ៍ឲ្យនិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសហុងគ្រីផងដែរ។

លោក ភារ ធារី បានបង្ហាញពីទឹកចិត្តសប្បាយរីករាយ ដែលបានចូលរួមជាលើកដំបូង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារសកម្មភាពមីននៅកម្ពុជា ហើយលោកបានបញ្ជាក់ថា នេះជាជំនួបលើកទី១ រវាងរូបលោកតំណាងរដ្ឋាភិបាលហុងគ្រី និងថ្នាក់ដឹកនាំអាជ្ញាធរមីន ហើយលោកគ្រោង នឹងទៅបំពេញទស្សនកិច្ចនៅខេត្តកែប ដើម្បីពិនិត្យលទ្ធផលបោសសម្អាតមីននោះ៕