(ភ្នំពេញ)៖ លោក ប៉ា ម៉េងហុក ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ត្រូវបានគេ HACK យកគណនី Facebook របស់លោកដែលមានឈ្មោះថា «Pa Menghok» ហើយបានឆាតទៅខ្ចីលុយគេឯងជាបន្តបន្ទាប់។ ជនរងគ្រោះ បានចេញមុខមកធ្វើការបដិសេធ និងបានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចឲ្យចាត់វិធានការផងដែរ។

នៅក្នុងពាក្យបណ្តឹងដែលដាក់ជូនប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា លោក ប៉ា ម៉េងហុក បានបញ្ជាក់ថា «មានជនអនាមិកបានហែក Facebook ខ្ញុំបាទដែលមានឈ្មោះ Pa Menghok ហើយលួចបង្កើតគណនី ហ្វេសប៊ុក ក្លែងក្លាយ (Fake Facebook Account) ដោយយកឈ្មោះ រូបថតខ្ញុំបាទ និងក្រុមគ្រួសារខ្ញុំបាទដាក់ក្នុងគណនីហ្វេសប៊ុកក្លែងក្លាយនោះ និងបានបោកប្រាស់ដោយខ្ចី លុយ Friends ក្នុង Facebook ខ្ញុំបាទតាមការផ្ញើសារ Messenger។ ជនអនាមិកបានបំផ្លាញកិត្តិយស កេរ្តិ៍ឈ្មោះ សេចក្តីទុកចិត្ត និងយកលុយមួយចំនួនពីអ្នកដែលស្រលាញ់រាប់អានខ្ញុំបាទ»

លោកបានស្នើឲ្យប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនល្មើសរូបនេះ៕