(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារនាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ចុះប្រគល់ជូនប្រជានេសាទ ឃុំរាំងទិល ស្រុកកណ្តៀង ៦៥០គ្រួសារ ដែលជួបការខ្វះខាតស្បៀង ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩ និងក្នុងរដូវបិទនេសាទផងដែរ។

លើកឡើងក្នុងឱកាសនោះលោក កែវ រតនៈ បានបញ្ជាក់ថា ប្រជានេសាទដែលរស់នៅលើផ្ទៃទឹកបឹងទន្លេសាប នៃឃុំរំាងទិល ស្រុកកណ្តៀង នាពេលបច្ចុប្បន្ននេះ ទទួលបានសមិទ្ធផលធំៗជាច្រើនទាំងផ្ទាល់ និងទាំងប្រយោល ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដូចជាសាលារៀន ផ្លូវថ្នល់ មណ្ឌលសុខភាព បណ្តាញភ្លើងអគ្គិសនី និងសូឡាប្រើពន្លឺព្រះអាទិត្យ ដាក់នៅតាមទូក លំនៅដ្ឋាន និងទីសាធារណៈ មិនចាញ់ប្រជាពលរដ្ឋ នៅក្នុងទីប្រជុំជននោះឡើយ។

លោក កែវ រតនៈ បានបន្ថែមថា ឃុំរាំងទិល កាលពីសម័យមុនៗ គឺមិនទាន់មានការអភិវឌ្ឍន៍នោះឡើយ ទើបតែនាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានគិតគូ និងយកចិត្តទុកដាក់ជម្រុញការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់របស់ប្រជានេសាទ កំពុងរស់នៅក្នុងតំបន់នេះឱ្យកាន់តែមានជីវភាពល្អប្រសើរ កាត់បន្ថយភាពក្រីក្រ។

លោកបានបញ្ជាក់ទៀតថា ប្រជានេសាទ ស្ទើរតែគ្រប់គ្រួសារពឹងផ្អែកទាំងស្រុងទៅលើការនេសាទ សម្រាប់ដោះស្រាយ និងចិញ្ចឹមជីវិតប្រចាំថ្ងៃ ដើម្បីឱ្យមុខរបរមួយនេះ ទទួលបាននូវគុណប្រយោជន៍ច្រើនទាំងពេលនេះ និងទៅថ្ងៃអនាគត សូមជួយចូលរួមថែរក្សា និងអភិរក្សធនធានធម្មជាតិ ដែលនៅក្នុងបឹងទន្លេសាបឱ្យកាន់តែសម្បូរបែប សម្រាប់កូនចៅក្រោយៗទៀតផងដែរ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ដែលបានប្រគល់ជូនប្រជានេសាទ ក្នុងឃុំរាំងទិល ស្រុកកណ្តៀង ៦៥០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ និងទឹកត្រី១យួរ៕