(ព្រះវិហារ)៖ គណៈកម្មការសាងសង់សាលារៀន និងព្រះតេជគុណ សៀន គុណលាប ជាមេគុណខេត្តព្រះវិហារ តាមរយៈបណ្តាញព័ត៌មាន Fresh News បានអំពាវនាវ និងបិណ្ឌបាតដល់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងឡាយ មេជួយអន្តរាគមន៍ដើម្បីបានសាង់សងសាលារៀន១ខ្នង លើដីមួយកន្លែង ដើម្បីទុកឱ្យសិស្សបានចូលសិក្សា រៀនសូត្រ ក្រោយមេឃុំគូលែនត្បូង ស្រុកគូលែន បដិសេធមិនឱ្យសាងសង់ ដោយសំអាងថា ជាដីរបស់រដ្ឋ។

សម្រាប់ដីមួយកន្លែងនេះ មានទទឹងប្រវែង៣៥ម៉ែត្រ និងបណ្តោយប្រវែង១៧៥ម៉ែត្រ ស្ថិតនៅចំណុចផ្លូវចូលវត្តពោធិ៍៥០០០ដើម ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានអតីត លោកមេឃុំគូលែនត្បូងចាស់ ដោយមានការឯកភាពពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានធ្វើការប្រគល់ជូនព្រះតេជគុណ សៀន គុណលាភ សម្រាប់ធ្វើការសាងសង់សង់សាលារៀន តាំងពីឆ្នាំ២០១៦ ព្រោះជាដីឧបសម្ព័ន្ធរបស់ឃុំ ដែលបម្រុងទុកតាំងពីឆ្នាំ២០០១ម្ល៉េះ។

បើយោងតាមឯកសារក្នុងរបាយការណ៍នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំគូលែនត្បូង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ស្តីពីការប្រគល់ដីមួយកន្លែងខាងលិចអង់តែន អូរដូនស្ងួន មានទំហ៊ុ៣៥ម៉ែត្រ គុណ១៧៥ម៉ែត្រ ដោយមានការយល់ព្រមពីភាគីពាក់ព័ន្ធ ដូចមាននៅក្នុងឯកសារ គឺលោក ស៊ឹម សែម អតីតមេឃុំគូលែនត្បូង បានធ្វើការសម្រេចប្រគល់ដីដែលបម្រុងទុកតាំងពីឆ្នាំ២០០១ ប្រគល់ឱ្យមេគុណខេត្ត សៀន គុលាប សម្រាប់សាងសង់សាលារៀន ព្រោះជាដីឧបសម្ព័ន្ធឃុំ។

ទាំងគណៈកម្មការសាងសង់ និងព្រះតេជគុណ សៀន គុណលាប បានមានសង្ឃដីការ ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ ឱ្យដឹងយ៉ាងដូច្នេះថា៖ «បន្ទាប់ពីទទួលបានការឯកភាពពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃឃុំគូលែនត្បូង លោកក៏បានស្វះស្វែងរកសប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីជួយសាងសង់សាលារៀនលើដីដែលឃុំបានប្រគល់ជូន ពេលនោះមានអង្គការជប៉ុនមួយ បានស្ម័គ្រជួយសាងសង់សាលារៀននេះ ក្នុងទំហ៊ុទឹកប្រាក់ខ្ទង់ប្រមាណ១០មុឺនដុល្លា តែត្រូវបានជំទាស់ដោយលោកមេឃុំគូលែនត្បូងថ្មី គឺលោក សុន កុសល្យ ថាដីនេះ អញ្ចេះ អញ្ចុះ រហូតម្ចាស់ជំនួយគេដកគម្រោងទៅសាងសង់សាលារៀននៅកន្លែងផ្សេងវិញ»

គណៈកម្មការសាងសង់ និងព្រះតេជគុណ សៀន គុណលាប បានបន្តថា ទោះបីម្ចាស់ជំនួយបានដកគម្រោងសាងសង់សាលារៀនចេញក៏ពិតមែន តែលោកបានស្វះស្វែងរកសប្បុរសជនផ្សេងៗទៀត មកជួយឧបត្ថម្ភ ធ្វើយ៉ាងណាកសាងសាលារៀននេះឱ្យចេញជារូបរាង ដើម្បីឱ្យក្មេងៗបានចូលរៀននៅសាលាសមរម្យ ជំនួសអគារឈើដែលមានសភាពចាស់ទ្រុឌទ្រោម។ ប៉ុន្តែទោះបីជាលោកព្យាយាមសាងសង់សាលារៀនឱ្យបាននៅលើដីដែលមេឃុំចាស់ បានប្រគល់ឱ្យក៏ដោយ ក៏លោកមេឃុំថ្មី នៅតែបដិសេធមិនឱ្យសាងសង់ ដោយសំអាងថាដីនេះបានធ្វើប្លង់ទុកជាសម្បត្តិរដ្ឋ សម្រេប់ធ្វើការបែងចែកធ្វើជាស្នាក់ការភូមិ និងប៉ុស្តិ៍ការពារផ្សេងៗ។

គណៈកម្មការសាងសង់រួមនឹងព្រះតេជគុណ សៀន គុណលាប «បានអំពាវនាវដល់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងស្ថាប័នពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ធ្វើយ៉ាងណាឱ្យលោកបានសាងសង់សាលារៀននៅលើដីនេះ ទុកជាសម្បត្តិរបស់រដ្ឋ»

ទាក់ទងនឹងការជំទាស់មិនឱ្យសាងសង់សាលារៀននៅលើដីនេះ លោក សុន កុសល្យ មេឃុំគូលែនត្បូងថ្មី បច្ចុប្បន្ន បានថ្លែងថា៖ «មូលហេតុដែលជំទាស់មិនឱ្យសាងសង់សាលារៀននៅលើដីនេះ គឺដោយសារបន្ទាប់ពីអតីតលោកមេឃុំចាស់ប្រគល់ដីនេះប្រគេនលោកសម្រាប់សាងសង់សាលារៀនហើយ គឺលោកមិនបានអនុវត្តតាមទេ ម្តងថាចាំធ្វើថ្ងៃនេះ ម្តងថាចាំធ្វើថ្ងៃនោះ រហូតលោកបានប្រជុំជាមួយក្រុមប្រឹក្សាឃុំឯកភាពគ្នាធ្វើប្លង់លើដីនេះទុកជាសម្បត្តិរដ្ឋ សម្រាប់បែងចែកធ្វើជាកន្លែងធ្វើការនឹងមួយផ្នែកទៀតសម្រាប់សាងសង់សាលារៀនផងដែរ»

ទាក់ទងនឹងការលើកឡើងរបស់គណៈកម្មការសាងសង់រួមជាមួយព្រះតេជគុណ សៀន គុណលាភ និងលោក សុន កុសល្យ មេឃុំគូលែនត្បូង ឃើញថាសុទ្ធតែបានបង្ហាញឱ្យឃើញពីការគិតគូរពីផលប្រយោជន៍ជាតិជាធំ។

ប៉ុន្តែមតិមួយចំនួនបានលើកឡើងថា លោក សុន កុសល្យ មិនគួរធ្វើការជំទាស់ និងមិនឱ្យមានការសាងសង់សាលារៀននៅលើដីនេះទេ ពីព្រោះទី១៖ ជាដីរបស់រដ្ឋ, ទី២៖ បច្ច័យកសាងសាលារៀនទាំងអស់ជាបច្ច័យរបស់លោក និងទី៣៖ ពេលសាលារៀននេះសាងសង់រួចជាសម្បត្តិរបស់រដ្ឋ មិនមែនរបស់វត្ត របស់លោកឯណា? ករណីនេះគួរតែថ្នាក់ដឹកនាំខេត្ត និងអង្គភាពពាក់ព័ន្ធ គួរធ្វើការស៊ើបអង្កេតស្រាវជ្រាវឱ្យបានច្បាស់លាស់ ដើម្បីផលប្រយោជន៍រួម ជៀសវាងមានការសាចទឹកដាក់គ្នា៕