(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានលើកឡើងថា ពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងត្រូវរៀបឱ្យបានធំបំផុត ដើម្បីបង្ហាញពីវប្បធម៌ដ៏សម្បូរបែប និងកិត្យានុភាពជាតិ លើឆាកអន្តរជាតិ ក្នុងសម័យសន្តិភាពតេជោសែន។

តាមរយៈទំព័រ Facebook ផ្លូវការនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា បានលើកឡើងយ៉ាងដូច្នេះថា៖ «ជាមួយនឹងការជំរុញហ្វឹកហាត់លើកកម្ពស់សមត្ថភាព បច្ចេកទេសដល់កីឡាករ កីឡាការិនីជម្រើសជាតិទាំងនៅក្នុង និងក្រៅប្រទេស ឱ្យទទួលបានគុណផលកីឡាខ្ពស់ ប្រកួតប្រជែងដណ្តើមមេដាយជូនជាតិ ការរៀបចំព្រះរាជពិធីសុំភ្លើងអាទិទេព រត់ភ្លើងគប់ និងពិធីបើក-បិទ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំមួយរបស់ព្រះរាជាណាចក្រកម្ពុជា សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

«ទន្ទឹមនេះ ពិធីបើក ពិធីបិទ គឺជាការរៀបចំមួយដ៏ធំជាងគេបំផុតនៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីបង្ហាញពីវប្បធម៌ដ៏សម្បូរបែប កិត្យានុភាពជាតិលើឆាកអន្តរជាតិក្នុងសម័យសន្តិភាពតេជោ សែនផងដែរ»។ នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងការពារជាតិ។

សូមរំឮកថា ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃរៀបចំពិធីបើក ខណៈពិធីបិទ នឹងរៀបចំនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ចំណែកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា នឹងរៀបចំការប្រកួតពីថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣ ដដែល៕