(កំពត)៖ ផ្លូវបេតុង១ខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ សម្រាប់សម្រួលឱ្យកាន់តែងាយស្រួលក្នុងការធ្វើដំណើរ និងមធ្យោបាយរបស់ពលរដ្ឋស្ថិតនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

ពិធីសម្ពោធផ្លូវបេតុងថ្មីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត, លោក ជាវ តាយ អភិបាលខេត្ត និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាននាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានរាយការណ៍ដឹងថា ផ្លូវ១ខ្សែនេះ កសាងឡើងពីបេតុងសរសៃដែក មានប្រវែង សរុប១៨៨០ម៉ែត្រ ទទឹង៨ម៉ែត្រ កំរាស់០,២ម៉ែត្រ និងមានប្រព័ន្ធលូ អមសងខាងផ្លូវ បានតភ្ជាប់ពីផ្លូវបំបែកចេញពីផ្លូវជាតិលេខ៣៣ ក្នុងទីរួមស្រុកកំពង់ត្រាច រហូតទៅដល់តំបន់រមណីយដ្ឋានវប្បធម៌ធម្មជាតិ ភ្នំកំពង់ត្រាច។

នាឱកាសនោះ លោក ជាវ តាយ បានថ្លែងថា ចំពោះផ្លូវបេតុង១ខ្សែខាងលើនេះ ក្នុងចំណោមផ្លូវដទៃទៀត ក៏ដូចជាផ្លូវគ្រប់ប្រភេទនៅលើទូទាំងប្រទេស ដែលបានកសាងនិងស្ថាបនាឡើង គឺកើតចេញដោយសារប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ បរិបូណ៌ តាមរយៈនយោបាយឈ្នះឈ្នះ និងកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលគុណតម្លៃនៃសុខសន្តិភាពនេះ គឺនាំមកនូវការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងការកាត់បន្ថយភាពក្រីក្រ ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងជាបន្តបន្ទាប់។

លោក ជាវ តាយ បានស្នើឱ្យប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការទាំងអស់គ្នា ត្រូវតែខិតខំយកចិត្តទុកដាក់ចូលរួម ថែរក្សាការពារនូវតម្លៃសុខសន្តិភាព និងសមិទ្ធផលនានា ដែលមានដូចសព្វថ្ងៃនេះឱ្យបានគង់វង្សយូរអង្វែង ដើម្បីយើងរួមគ្នាបន្តដំណើរជំរុញការអភិវឌ្ឍន៍ប្រទេស និងសេដ្ឋកិច្ចសង្គមជាតិ សំដៅធ្វើឱ្យជីវភាពប្រជាពលរដ្ឋ បានសម្បូរសប្បាយ ធូរធារប្រសើរឡើងថែមទៀត៕