(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសបើកដំណើរការឡើងវិញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) ក្រោមឱវាទក្រសួងការងារ ក្រោយទទួលបានការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានឲ្យដឹងថា ការបើកដំណើរការឡើងវិញគ្រឹះស្ថាន អ.ប.វ. គឺមានភាពចាំបាច់ណាស់ ដើម្បីធានាបាននូវការបណ្តុះបណ្តាលប្រកបដោយគុណភាព និងប្រសិទ្ធភាពនៃកម្លាំងពលកម្មជំនាញ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ជាងនេះទៅទៀត ការអប់ររំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាឧបករណ៍ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។

ការប្រកាសបើកដំណើរការឡើងវិញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួង ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Zoom) ដោយមានអ្នកពាក់ព័ន្ធចូលរួមប្រមាណជិត២០០នាក់នោះ។

រដ្ឋមន្រ្តីលោក អ៉ិត សំហេង បានបញ្ជាក់ថា មុននឹងឈានដល់ការទទួលការអនុញ្ញាតឱ្យបើកដំណើរការសិក្សាឡើងវិញ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួង ពីប្រមុខរាជរដ្ឋាភិបាល គឺអនុគណៈកម្មការវាយតម្លៃ ផែនការ និងយុទ្ធសាស្រ្ត នៃគណកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានពិនិត្យនិងវាយតម្លៃ លើការរៀបចំគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) រួចដាក់ឆ្លងការប្រជុំសម្រេចពីគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ដោយផ្អែកលើហេតុផលពីរ ៖

ទី១៖ ក្រសួងបានរៀបចំគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយធានាបាននូវការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមានយន្តការច្បាស់លាស់ក្នុងការពិនិត្យវាយតម្លៃហានិភ័យ លក្ខណៈវិនិច្ឆ័យក្នុងការបិទ និងបើក និងមានប្រព័ន្ធរាយការណ៍ច្បាស់លាស់។

ទី២៖ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដូចគ្នានឹងឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡាដែរ ម្យ៉ាងទៀត បុគ្គលិក សាស្រ្តាចារ្យ គ្រូបច្ចេកទេស ព្រមទាំងសិក្ខាកាម សិស្ស និស្សិត (មានអាយុចាប់ពី១៥ឆ្នាំឡើងទៅ) បានទទួលវ៉ាក់សាំងស្ទើរតែ ១០០ភាគរយ និងកំពុងបន្តទទួលដូសជំរុញ ឬដូសទី៣។

លោករដ្ឋមន្ត្រីលើកឡើងបន្តថា ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជន ការពារនូវសុខភាព និងសេចក្តីសុខរបស់ប្រជាជនរួចផុតពីជំងឺរាតត្បាតជាសកល កូវីដ-១៩ ហើយអាចរៀបចំដំណើរការសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជាជាបណ្តើរៗឡើងវិញ ធានាបាននូវការរស់នៅមួយដែលយើងអាចរៀនរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការជាច្រើន ហើយបានខិតខំស្វះស្វែងរិះរកគ្រប់មធ្យោបាយ ដើម្បីទទួលបានវ៉ាក់សំាងប្រឆាំងនឹងជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជា ដែលបានធ្វើឱ្យមានភាពស៊ាំ និងកាត់បន្ថយហានិភ័យនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍។

គួរជម្រាបថា បច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគ្រឹះស្ថាន អ.ប.វ. ចំនួន ១៩៩ ក្នុងនោះគ្រឹះស្ថាន អ.ប.វ. សាធារណៈ ចំនួន៣៨ និងឯកជន អង្គការ/សមាគម ចំនួន១៦១ ដែលមានសិក្ខាកាម សិស្ស និស្សិត ប្រមាណជាង ៦០,០០០នាក់ បានបញ្ចប់ការសិក្សានិងចូលទៅក្នុងទីផ្សារការងារជារៀងរាល់ឆ្នាំ។

ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញតឱ្យគ្រឹះស្ថានអ.ប.វ. ផ្តល់ការបណ្តុះបណ្តាលនៅគ្រប់កម្រិតសិក្សា ទាំងរយៈពេលខ្លី មធ្យម និងវែង ពីចម្ងាយ ឬតាមអនឡាញ និងបានបំពាក់ឧបករណ៍ សម្ភារបរិក្ខារមូលដ្ឋានបច្ចេកវិទ្យា ព្រមទាំងការពង្រឹងសមត្ថភាពគ្រូបច្ចេកទេស ការកែលម្អ និងអភិវឌ្ឍន៍កញ្ចប់ស្តង់ដាបណ្តុះបណ្តាល ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលនៅពេលបើកដំណើរការឡើងវិញ ប៉ុន្តែគុណភាពនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬអនឡាញ នៅមានកម្រិត ដោយសារតែសិក្ខាកាម សិស្ស និស្សិត ពុំបានអនុវត្តការងារជាក់ស្តែងនៅតាមរោងជាង បន្ទប់ពិសោធន៍ ដែលជាតម្រូវការចាំបាច់បំផុតក្នុងប្រព័ន្ធ TVET៕