(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាល នឹងមិនរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនោះទេ ដោយសារតែបញ្ហាជំងឺកូវីដ១៩។

សម្តេចក្រឡាហោម ស ខេង បានបង្ហើបបែបនេះ ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឥឡូវនេះយើងចូលដល់ខែតុលា! បើតាមការសម្រេចរបស់រាជរដ្ឋាភិបាល គឺឆ្នាំនេះយើងមិនបានធ្វើបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដូចបណ្តាឆ្នាំមុនៗទេ ដោយសារបញ្ហាកូវីដនេះឯង»

ទោះជាមិនអាចរៀបចំព្រះរាជពិធីបុណ្យជាតិដ៏ធំនេះបាន សម្តេចក្រឡាហោម បានកោតសរសើរពីយុទ្ធការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលទទូលបានផលគួរជាទីមោទនៈ។ ក្នុងឱកាសនោះ សម្តេចក្រឡាហោម ថែមទាំងបានបន្តជំរុញប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍វិធានការ ៣កុំ និង៣ការពារ ជាពិសេសរៀនរស់តាមគន្លងថ្មី ក្នុងបរិបទជំងឺរាតត្បាតនេះ៕