(ព្រះវិហារ)៖ មន្ត្រីយោធាម្នាក់ ឈរជើងនៅសមរភូមិទិសទី១ ខេត្តព្រះវិហារ បានចេញមុខប្រតិកម្ម និងបដិសេធចោលទាំងស្រុងចំពោះការផ្សាយរបស់ទូរទស្សន៍អនឡាញក្នុងស្រុកមួយ បានផ្សាយបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក ពាក់ព័ន្ធទៅនឹងករណីជម្លោះដីធ្លីមួយកន្លែងនៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ដែលបានដោះស្រាយបញ្ចប់តាមផ្លូវតុលាការទៅហើយ។

លោកឧត្តមសេនីយ៍ត្រី ប៉ូច សុខជា បានប្រាប់ Fresh News នៅពេលថ្មីៗនេះ ទូរទស្សន៍អនឡាញមួយ បានផ្សាយបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកក្នុងករណីជម្លោះដីធ្លី ដែលលោកបានដោះស្រាយបញ្ចប់ទៅហើយ។

លោកឧត្តមសេនីយ៍ត្រី ប៉ូច សុខជា បានរៀបរាប់ដោយរំលឹកប្រវត្តិនៃជម្លោះដីធ្លីនេះថា លោកបានលក់ដីមួយកន្លែងមានទទឹង ១៧០ម៉ែត្រ គុណនឹងបណ្ដោយ ១៨០ម៉ែត្រ ផ្ទៃក្រឡាសរុប ២៥,៥០០ម៉ែត្រការ៉េ ទៅឱ្យលោក អ៊ំ ស៉ីន កាលពីឆ្នាំ២០១៧។ ជាមួយនឹងការលក់នេះ លោក អ៊ំ ស៊ីន ក៏បានស្នើជួយធ្វើលិខិតផ្ទេរសិទ្ធទៅឱ្យកូនរបស់ខ្លួន មានឈ្មោះ ស៉ីន ចាន់ឌុន ដោយមានការទទួលស្គាល់ពីលោកមេភូមិអានសេះ និងលោកមេឃុំជាំក្សាន្តត្រឹមត្រូវ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧។

លោក ប៉ូច សុខជា រៀបរាប់ទៀតថា ក្រោយពេលព្រមព្រៀងលក់ហើយ ស្រាប់តែ ស៉ីន ចាន់ឌុន បែរជាមិនសុខចិត្ត ដោយនិយាយថាដីមិនគ្រប់ផ្ទៃក្រឡា។ ដោយមិនចង់មានរឿងវែងឆ្ងាយ លោក ក៏ព្រមផ្ទេរឱ្យជាលើកទី២ ដោយពង្រីកផ្ទៃដីឡើងដល់ ៣៣,៧៩១ម៉ែត្រការ៉េ និងមានការទទួលស្គាល់ពីការិយាល័យភូមិបាលស្រុក និងលោកអភិបាលស្រុកជាំក្សាន្ត ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១៩។

បើទោះបីមានការពង្រីកផ្ទៃដីបែបនេះ ក៏ទំនាស់មិនបានចប់នោះទេ។ ឈ្មោះ ស៉ីន ចាន់ឌុន បានព្យាយាមប្តឹងទៅតុលាការទៀត។ តែតុលាការ បានសម្រេចឱ្យលោក ប៉ូច សុខជា ឈ្នះក្តីទាំងនៅសាលាដំបូងខេត្តព្រះវិហារ និងនៅសាលាឧទ្ធរណ៍។

បើតាមលោក ប៉ូច សុខជា បានឱ្យដឹងថា សាលក្រមរបស់សាលាដំបូងខេត្តព្រះវិហារ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ បានសម្រេចលើកលែងការចោទប្រកាន់លើរូបលោក។ ដោយឡែកសាលដីកាសាលាឧទ្ធរណ៍ត្បូងឃ្មុំ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានសម្រេចបដិសេធចោលបណ្តឹងទាស់ ដោយផ្ទុយនឹងគតិច្បាប់។ សាលាឧទ្ធរណ៍ត្បូងឃ្មុំ ក៏បានតម្កល់ដីកាដំណោះស្រាយចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារទុកជាបានការដដែល។

លោក ប៉ូច សុខជា បានសម្តែងការងឿងឆ្ងល់ និងមិនយល់ពីចេតនា នៃការផ្សព្វផ្សាយរបស់ទូរទស្សន៍អនឡាញនេះថា ហេតុអ្វីបានជាព្យាយាមឆ្កឹះកោះកកាយរឿងរ៉ាវដែលលោកបានបញ្ចប់ទៅហើយ?

លោកឧត្តមសេនីយ៍ត្រី ប៉ូច សុខជា បានថ្លែងយ៉ាងដូច្នេះថា «រឿងក្តីនេះ មានរយៈពេលប្រហែល៣ឆ្នាំទៅហើយ ដែលសាលាដំបូងខេត្តព្រះវិហារ និងសាលាឧទ្ធរណ៍ បានសម្រេចឱ្យខ្ញុំឈ្នះក្តីលើភាគីដើមចោទ។ ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ មានទូរទស្សន៍អនឡាញមួយ ដកស្រង់ខ្លឹមសារតែនៅក្នុងពាក្យបណ្តឹងចាស់របស់ភាគីម្ខាង ដែលបានប្តឹងមកលើខ្ញុំយកមកអាន ដែលជាហេតុធ្វើឱ្យមានការភាន់ច្រឡំ ពិសេសធ្វើឱ្យប៉ះពាលដល់កិត្តិយសរបស់ខ្ញុំ និងក្រុមគ្រួសារ»។

លោក សុខជា បានសម្ដែងនូវក្ដីទោមនស្សថា ការផ្សព្វផ្សាយរបស់ទូរទស្សន៍អនឡាញនោះ គឺពិតជាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោក។ ជាពិសេសធ្វើឱ្យមានការយល់ច្រឡំពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពជើងគោក។

ដើម្បីរកភាពស្អាតស្អំ លោក ប៉ូច សុខជា បានរកមេធាវី និងធ្វើលិខិតលាយល័ក្ខអក្សរមួយច្បាប់ ផ្ញើទៅទូរទស្សន៍អនឡាញមួយនោះផងដែរ ដើម្បីស្នើឱ្យផ្សាយកែតម្រូវខ្លឹមសារ ជម្រះការយល់ច្រឡំឱ្យលោកឡើងវិញ។

លោក ប៉ូច សុខជា បានអះអាងថា បើក្នុងករណីទូរទស្សន៍អនឡាញនេះមិនផ្សាយកែតម្រូវទេ លោកនឹងប្តឹងទៅតុលាការ ដើម្បីចាត់វិធានការទៅតាមច្បាប់៕