(ភ្នំពេញ)៖ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ លៅកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតី ពិធីប្រកាសមុខតំណែងនាយនគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ពិធីនេះ បានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅតាមវិធានសុខាភិបាល។

បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ឡើងធ្វើការសន្យាប្តេជ្ញាចិត្តជូន គណៈអធិបតី ព្រមទាំងអង្គពីធីរួចមក។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងចូលរួមអបអរសាទរលោកប្រធាននាយកដ្ឋានថ្មី ដោយបានគូសបញ្ជាក់ថា ការផ្លាស់ប្តូរតំណែងនៅពេលនេះ គឺជាក្រឹត្យក្រម នៃការអនុវត្តការងារដែលចាំបាច់គេចមិនផុតពីការផ្លាស់ប្តូររបស់មន្រ្តីថ្នាក់ដឹកនាំនៅតាមអង្គភាព ដែលជាផ្នែកមួយ នៃកំណែទម្រង់របស់នគរបាលជាតិ ដើម្បីឲ្យមានការបោះជំហានទៅមុខ ឆ្លើយតបភាពជាក់ស្តែងនូវតម្រូវការការងារ ហើយក៏ឱកាស និងបទពិសោធន៍ចំពោះមន្ត្រីនគរបាលជាតិផងដែរ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគាំទ្រ និងឯកភាពនៅការសន្យាប្តេជ្ញាចិត្តរបស់ប្រធាននាយកដ្ឋានដែលទើបប្រកាសឡើងកាន់តំណែងថ្មី ហើយអ្វីដែលជាបញ្ហាសំខាន់ គឺដឹកនាំអង្គភាពឲ្យមានវឌ្ឍនភាព មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបម្រើឲ្យការងារ ដឹកនាំ បញ្ជា។

លោកបានបន្ដទៀតថា ការពង្រឹងអង្គភាព គឺជាការខិតខំពង្រឹងជំនាញ ការពង្រីកវិសាលភាព ពិសេសជំនាញវិទ្យុទាក់ទងអោយគ្របដណ្តប់គ្រប់ខេត្តក្រុង។ លោកបានណែនាំឲ្យលោកប្រធាននាយកដ្ឋានវិទ្យុទាក់ទងថ្មី និងអតីតប្រធាននាយកដ្ឋាន ត្រូវជួបពិភាក្សាគ្នាដើម្បីធ្វើការប្រគល់ទទួលការងារ ពិសេសការងារដែលសេសសល់ និងឧបករណ៍សម្ភារៈបច្ចេកទេស ទន្ទឹមនោះត្រូវមានកំណត់ហេតុប្រគល់ទទួលឲ្យបានច្បាស់លាស់។

អគ្គស្នងការរងនគរបាលជាតិ ក៏បានផ្តល់អនុសាសន៍គន្លឹះដល់ប្រធាននាយកដ្ឋានថ្មី ថាក្នុងនាមជាមេដឹកនាំអង្គភាពត្រូវតែធ្វើជាគំរូ និងឈានមុខគេ មានសុភវិនិច្ឆ័យច្បាស់លាស់ ពង្រឹងវិន័យ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង មិនអាចប៉ះដៃយកដៃ ប៉ះជើងយកជើងនោះទេ ត្រូវមានមនោសញ្ចេតនា មានភាពស្និទស្នាល ទន់ភ្លន់តែម៉ឺងម៉ាត់ ជាពិសេសការបែងចែកភារកិច្ចទទួលខុសត្រូវទៅតាមជំនាញឲ្យមានតម្លាភាព។

រីឯការងារបច្ចេកទេស លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានជំរុញឲ្យប្រធាននាយកដ្ឋានវិទ្យុទាក់ទងថ្មី ពង្រឹងការងារបច្ចេកទេសពាក់ព័ន្ធ និងប្រេកង់វិទ្យុដែលនៅពេលខាងមុខ នេះកម្ពុជានឹងមានព្រឹត្តិការណ៍សំខាន់ៗជាតិ និងអន្តរជាតិ ពិសេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំសំខាន់ៗជាច្រើនផងដែរ។

ទន្ទឹមនោះ លោកបានសង្កត់ធ្ងន់ឲ្យយកចិត្តទុកដាក់ទៅលើកាងារប្រចាំបញ្ជា ព្រោះថាការងារនេះ វាបានបង្ខិតសេវាបម្រើឲ្យទៅជិតប្រជាពលរដ្ឋ ពិសេសកិច្ចអន្តរាគមន៍ សង្គ្រោះ បង្ក្រាប និងការដោះស្រាយបញ្ហាបានឆាប់រហ័ស ហើយលោកក៏បានជំរុញឲ្យប្រធាននាយកដ្ឋានថ្មី ធ្វើបទបញ្ជាផ្ទៃក្នុង សម្រាប់ប្រសិទ្ធភាពការងារ របស់ក្រុមប្រចាំបញ្ជានេះផងដែរ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានជំរុញឲ្យប្រធាននាយកដ្ឋានវិទ្យុទាក់ទងថ្មី ត្រូវសិក្សារៀបចំបទដ្ឋានក្រោមច្បាប់នានា ដេីម្បី ពង្រឹងតួនាទី ក្នុងការគ្រប់គ្រងការប្រេីប្រាស់ ឧបករណ៍ សម្ភារ បចេ្ចកទេស វិទ្យុទាក់ទង ៕