(កោះកុង)៖ រដ្ឋបាលខេត្តកោះកុងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ជូនដំណឹងស្ដីពីករណីស្លាប់ទារកម្នាក់ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង ដែលបណ្តាញ Fresh News ទទួលបានថ្ងៃនេះ។

ក្នុងលិខិតរដ្ឋបាលខេត្តបានបញ្ជាក់ថា «ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៨៖៤៥នាទីមានករណីស្លាប់កុមារា ជាជនជាតិខ្មែរ ដែលជាអ្នកជំងឺកូវីដ១៩ ម្នាក់ មានឈ្មោះ លាង គីមហួរ អាយុ០៦ខែ មានអាសយដ្ឋាននៅភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង នៅក្នុងមន្ទីរពេទ្យ»

សូមបញ្ជាក់ថា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៤៖០០នាទី ឈ្មោះ ស៉ឹម ហៀក លាង គីមហួរ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្តកោះកុង ប៉ុន្តែដោយស្ថានភាពជំងឺធ្ងន់ធ្ងរពេក កុមារាដែលជាអ្នកជំងឺត្រូវបានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យ។

រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់បន្ថែមថា ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ កុមារាដែលជាអ្នកជំងខាងលើបានបាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ (Severe Resplratory Tract Infection) ដែលបណ្តាលមកពីវីរុសកូវីដ១៩៕