(ភ្នំពេញ)៖ កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល ដែលរៀបចំដោយ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» បានឈានដល់ដំណាក់កាលថ្មីមួយទៀត ដែលមានឈ្មោះថា «ថ្ងៃធ្វើបទបង្ហាញ»«Pitch Day» ក្រោយពីបេក្ខជនបានចូលរួមវគ្គបណ្តុះបណ្តាល នៅក្នុងជំរុំចាប់ផ្តើម ឬ Boot Camp អស់រយៈពេល១សប្តាហ៍។

កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល គឺជាកម្មវិធីដែលជួយបណ្ដុះធុរកិច្ចថ្មី និងស្វែងរកដំណោះស្រាយជាថ្នាលបច្ចេកវិទ្យាឌីជីថល សម្រាប់សម្រួលប្រតិបត្តិការអាជីវកម្ម របស់សហគ្រាស ធុនតូច និងមធ្យម (SMEs) ឱ្យស្របទៅនឹងបរិបទ និងការវិវឌ្ឍនៃសេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា។

បេក្ខជនទាំង ១៩ក្រុមក្នុងកម្មវិធីបានធ្វើបទបង្ហាញជាលក្ខណៈ Pitch អំពីគំនិតអាជីវកម្មរបស់ខ្លួនទៅកាន់គណៈកម្មការ ដើម្បីធ្វើការវិនិច្ឆ័យដាក់ពិន្ទុ។

ការវិនិច្ឆ័យផ្តល់ពិន្ទុទៅកាន់ក្រុមនីមួយរបស់គណៈកម្មការ នឹងផ្អែកទៅលើប្រសិទ្ធភាពនៃគំនិតអាជីវកម្ម លទ្ធភាពជោគជ័យ នវាននុវត្តន៏ ការធ្វើប្រតិបត្តិការ និងចំណុចសំខាន់ៗផ្សេងទៀត។ ក្រៅពីទទួលបាន សិទ្ធិឈានចូលទៅវគ្គបន្ត ក្រុមទាំង៨ ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភជាជំនួយបុរេមូលនិធិបណ្តុះអាជីវកម្ម (Pre-seed Funding) ចំនួន ៣លានរៀល និងទីកន្លែងធ្វើការក្នុងរយៈពេល៣ខែផងដែរ។

ក្រុមទាំង៨ ដែលអាចឈានទៅវគ្គបន្តរួមមាន៖
១. Anuksas
២. BITroom
៣. Casstack
៤. Coincloud
៥. DELIGHTECH
៦. EatyPal
៧. HOMEAPP Asia
៨. SERSITY

បណ្ឌិត តាំង ងួនលី នាយកនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កាលពីដើមឆ្នាំ បានដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលក្នុងនោះក្តោបទៅលើធុរកិច្ចថ្មីឌីជីថល ដែលរួមមានការជ្រោមជ្រែងធុរកិច្ចថ្មី និងជម្រុញឲ្យអាជីវកម្មសហគ្រាសធុនតូច និងមធ្យមមានដំណើរការនៅក្នុងសង្គមឌីជីថលនេះ។ ដោយហេតុនេះហើយទើប មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» បានសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីរៀបចំឡើងនូវ កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថលនេះឡើង។

លោកបន្តថា នៅក្នុងពេលបច្ចុប្បន្ននេះ មានធុរកិច្ចថ្មីជាច្រើនដែលធ្វើការលើវិស័យឌីជីថល ហើយពួកគេនឹងអាចផ្តល់ជាដំណោះស្រាយដល់បញ្ហានានា ដែលយើងកំពុងជួបប្រទះនៅក្នុងទីផ្សារ។ ដោយឡែក ក្នុងចំនោមបេក្ខជននៃកម្មវិធី យើងមានក្រុមធុរកិច្ចថ្មីដែលផ្តោតទៅលើអាជីវកម្មសហគ្រាសធុនតូច និងមធ្យម ព្រមជាមួយនឹងការអប់រំនិងការបង្កើតជាផលិតផលផងដែរ។ លោកបណ្ឌិត ក៏បានអបអរសាទរដល់បេក្ខជន ដែលបានជាប់និងឈានចូលទៅដំណាក់កាលថ្មីនៃកម្មវិធី ក៏ដូចជាលើកទឹកចិត្តឲ្យបេក្ខជនដែលមិនបានជាប់ ធ្វើការប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀតផងដែរ។

បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ ក៏បានថ្លែងដែរថា នាពេលថ្មីៗនេះ យើងមានការកត់សំគាល់ថា ការធ្វើសមាហរណកម្មឌីជីថលបានបង្ហាញនូវភាពជោគជ័យខ្លះ ដោយសារប្រជាជនទូទៅ មានលទ្ធភាពធ្វើការទំនាក់ទំនងគ្នាតាមរយ:តាមប្រព័ន្ធឌីជីថល។ ការធ្វើឌីជីថលូបនីយកម្ម នេះផ្តល់ឱកាសដល់សហគ្រិនក្នុងការចាប់យកទីផ្សារ ដែលកំពុងមានការលូតលាស់ តាមរយ: បង្កើនប្រសិទ្ធភាពប្រតិបត្តិការប្រចាំថ្ងៃដល់វិស័យសាធារណៈ និងឯកជន។

លោកថា ភាពជាដៃគូរ រវាងវិស័យ សាធារណៈ ឯកជន និង ដៃគូរអភិវឌ្ឍន៏ ក្នុងការអនុវត្តកម្មវិធី «ពន្លឿនអាជីវកម្ម សហគ្រាសធុនតូច និងមធ្យមឌីជីថល នេះ បង្ហាញពីការប្តេជ្ញាចិត្តពីភាគីពាក់ព័ន្ធក្នុងការគាំទ្រដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម សំដៅបំពេញតម្រូវការទីផ្សារ។ ខ្ញុំសូមជូនពរដល់ក្រុមធុរកិច្ចថ្មី និង សហគ្រាសធុនតូច និងមធ្យម ទាំងអស់ ទទួលបានជោគជ័យក្នុងការឈានទៅដំណាក់កាលបន្ទាប់។ ខ្ញុំសង្ឃឹមផងដែរថាបន្ទាប់ពីបញ្ចប់កម្មវិធីនេះ សហគ្រិននឹងមានលទ្ធភាពពង្រីកអាជីវកម្មឱ្យកាន់តែប្រសើរឡើង, បង្កើតជារឿងជោគជ័យមួយ, និងរួមចំណែកដល់ការកសាងប្រព័ន្ធអេកូសហគ្រិនភាពនៅកម្ពុជា»

គួរបញ្ជាក់ផងដែរថា បេក្ខជនដែលមានសិទ្ធិទៅវគ្គបន្តទៀត នឹងត្រូវចូលរួមដំណាក់កាលបន្ទាប់ដែលហៅថា ការបង្កើនល្បឿន (Acceleration) ចំនួន១២សប្តាហ៍ ដែលក្នុងដំណាក់កាលនេះ ក្រុមនីមួយៗ នឹងទទួលបានការណែនាំ និងតម្រង់ទិសពីអ្នកណែនាំចំនួន ២ដងក្នុងមួយសប្ដាហ៍ ដើម្បីបន្តអភិវឌ្ឍបង្កើតភស្តុតាងនៃគំនិត (Proof-of-Concept) របស់ពួកគេ និងត្រៀមខ្លួនរួចជាស្រេចដើម្បីអាចចាប់ផ្តើមដំណើរការអាជីវកម្មបាន។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានថ្លែងថា៖ «យើងរីករាយដែលបានសហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដើម្បីគាំទ្រយុវជនកម្ពុជា ក្នុងការបង្កើត អាជីវកម្មថ្មីរបស់ពួកគេដែលនឹងរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ធុរកិច្ចថ្មី ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់នូវដំណោះស្រាយអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតដើម្បីធ្វើឱ្យសហគមន៍កាន់តែប្រសើរឡើង។ ក្រៅពីកម្មវិធីសហគមន៍របស់យើង ធនាគារវីងក៏បានបង្កើតផលិតផលនិងសេវាកម្មហិរញ្ញវត្ថុផ្សេងៗជាច្រើន ដើម្បីគាំទ្រដល់ការរីកចម្រើននៃធុរកិច្ចថ្មី ព្រមទាំងសហគ្រាសធុនតូច និងមធ្យម នៅក្នុងប្រទេស»

លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ នៃធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានថ្លែងថា៖ «ចំណាប់អារម្មណ៍ របស់ FTB ក្នុងការចូលរួម និងគាំទ្រចំពោះកម្មវិធី «ពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល» នាពេលនេះ គឺដើម្បីជាការចូលរួមចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិតាមរយៈការលើកកម្ពស់ការបណ្តុះបណ្តាលធុរកិច្ចថ្មី និងស្វែងរកដំណោះស្រាយតាមរយៈបច្ចេកវិទ្យាឌីជីថល ដែលស្របតាមបេសកកម្មរបស់យើង គឺការប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវខ្ពស់ចំពោះសង្គម និងបរិស្ថាន។

ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១ ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារ FTB សង្ឃឹមថាកម្មវិធីនេះ នឹងនាំមកនូវគំនិតថ្មីៗ សម្រាប់សម្រួលប្រតិបត្តិការអាជីវកម្ម របស់សហគ្រាសធុនតូច និងមធ្យម (SME) ឲ្យស្របទៅនឹងបរិបទ និងការវិឌ្ឍនៃសេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា និងក្នុងពិភពលោក៕