(ភ្នំពេញ)៖ លោកស្រី ម៉ារីស ផេន (Marise Payne) រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី បានអះអាងថា រដ្ឋាភិបាលអូស្រ្តាលី ទន្ទឹងរង់ចាំគាំទ្រកម្ពុជានៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។

លោកស្រីរដ្ឋមន្រ្តីការបរទេស នៅលើ Facebook នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ ជាមួយនឹងការលើកឡើងអំពីជំនួបតាមទូរស័ព្ទ កាលពីថ្ងៃទី០៨ ខែតុលា រវាងលោកស្រី ជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

លោកស្រី ម៉ារីស ផេន បានលើកឡងថា ប្រទេសកម្ពុជាគឺ ជាដៃគូក្នុងតំបន់ដ៏សំខាន់របស់អូស្ត្រាលី ហើយយើងមានចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍយូរអង្វែង។ នៅឆ្នាំ២០២២ ប្រទេសទាំងពីរនឹងប្រារព្ធខួប ៧០ ឆ្នាំនៃទំនាក់ទំនងការទូត។

« អូស្រ្តាលី ទន្ទឹងរង់ចាំគាំទ្រកម្ពុជានៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។ អាស៊ានគឺជាចំណុចស្នូលនៃចក្ខុវិស័យរបស់យើងក្ន្ងងការធ្វើឱ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានស្ថិរភាព និងវិបុលភាព»។ នេះជាការបញ្ជាក់របស់ លោកស្រីរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី។

ទន្ទឹមនឹងនេះ លោកស្រី បានគូសបញ្ជាក់ផងដែរ អំពីខ្លឹមសារជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជំនួបនេះបានជជែកអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រកម្ពុជាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រួមទាំងតាមរយៈភាពជាដៃគូមេគង្គ-អូស្រ្តាលី។ «យើងក៏បានពិភាក្សាអំពីស្ថានភាពនៅមីយ៉ាន់ម៉ា និងបញ្ហាប្រឈមក្នុងតំបន់ផ្សេងទៀត»

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងជំនួបកាលពីថ្ងៃទី០៨ ខែតុលា ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាមួយចំនួន រួមទាំងភាពជាដៃគូសន្តិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅថា «AUKUS»ផងដែរ៕