(ស្វាយរៀង)៖ ស្ត្រីរងគ្រោះម្នាក់ត្រូវប្ដីរបស់ខ្លួនកាប់ប្រហារពីរដាវ បណ្ដាលឲ្យរងរបួសធ្ងន់ តែបានអាជ្ញាធរ និងប្រជាជនជិតខាងជួយយកអាសា ម្នីម្នាបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯជនកំណាចជាប្ដី ក្រោយពេលកាប់ប្រពន្ធហើយ ក៏លោតទឹកបំណងរត់គេចខ្លួន ប៉ុន្តែកម្មពៀរមកដល់ទាន់ហន់ ក៏ត្រូវលង់ទឹកស្លាប់តែម្ដង។

ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចភូមិអង្គាស់ដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោក ពិន អាន អធិការនគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យកើតអំពើហិង្សានេះ គឺដើមឡើយ បុរសជាប្ដីស្រវឹងស្រា ហើយក៏មានជម្លោះពាក្យសម្ដីជាមួយប្រពន្ធ ទើបឈានដល់ការកាប់ប្រហារលើប្រពន្ធរបស់ខ្លួនតែម្ដង។ កាប់ហើយ បុរសជាប្ដីបានរត់ទៅខាងក្រោយផ្ទះផ្លោះរបង លោតចូលក្នុងស្ពានព្រែកតាសួស ខណៈដែលទឹកកំពុងហូរខ្លាំង ជនកំណាចនេះក៏បាត់ខ្លួនតែម្តង។ រីឯស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀងភ្លាមៗ។

លោកអធិការនគរបាលបានបន្តថា សពរបស់ជនកំណាចជាប្ដីត្រូវបានអ្នកភូមិប្រទះឃើញនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី១០ ខែតុលា នៅចំណុចស្ពានព្រែកតាសួស ភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ។

បើតាមលោកអធិការ ពិន អាន ស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ប្រែង ប៊ុនណារី អាយុ៤២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិអង្គាស់ដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចំណែកជនសង្ស័យមានឈ្មោះ ម៉ៅ ភារុន អាយុ៣៧ឆ្នាំមុខរបរ កសិករមានទីលំនៅភូមិឃុំកើតខាងលើ។

លោកអធិការបានបញ្ជាក់ថា ជនសង្ស័យដែលកាប់ប្រពន្ធនេះ ធ្លាប់ធ្វើសកម្មភាពវាយតប់ប្រពន្ធជាច្រើនលើកច្រើនសាមកហើយ តែលើកនេះឈានដល់ប្រើអំពើហិង្សាកាប់ប្រហារ ធ្វើឲ្យប្រពន្ធរបស់ខ្លួនរងរបួសយ៉ាងដំណំ។

លោក ពិន អាន បានបន្តថា ក្រោយពីរកឃើញសាកសពជនសង្ស័យដែលកាប់ប្រហារប្រពន្ធរួចហើយ សមត្ថកិច្ចបានបង្កើតគណៈកម្មការមួយ មានការចូលរួមពីសមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ដើម្បីធ្វើកោសល្យវិច័យផងដែរ ក្នុងនោះសមត្ថកិច្ចសន្និដ្ឋានថា ជនសង្ស័យពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។

បើតាមអ្នកភូមិបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យជាប្ដីបានចេញពីវង់ផឹកស៊ី ដោយអាការស្រវឹងស្រា និងបានត្រលប់មកដល់ផ្ទះ រករឿងប្រពន្ធបង្កជាឈ្លោះប្រកែកទាស់ពាក្យសម្ដីគ្នា។ ក្រោយមក ស្រាប់តែឃើញប្តីបានទាញយកដាវកាប់ប្រពន្ធត្រូវចំនួន ២ដាវ ត្រូវចំគុម្ពត្រចៀកស្តាំ ១ដាវ និងចំកដៃខាងឆ្វេង ១ដាវ បណ្តាលឲ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលតែម្ដង។

បើតាមលោកអធិការ ពិន អាន បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯសាកសពជនសង្ស័យ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យ តែខាងសាច់ញាតិឪពុកម្ដាយមិនទទួលយក ដូច្នេះសមត្ថកិច្ច និងអាជ្ញាធរបានសម្រេចធ្វើការបញ្ចុះសពនៅវត្តតាសួស ស្រុកស្វាយជ្រំតែម្ដង៕