(បាត់ដំបង)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា១ខ្នងនេះ មាន៥បន្ទប់ និងបង្គន់អនាម័យមាន២បន្ទប់ ដោយចំណាយថវិកាសរុបអស់ ៦៨.១០០ ដុល្លារសហរដ្ឋអាមេរិក ដែលជាអំណោយរបស់សប្បុរសរបស់ លោក ហុង ឆាយ និងលោកស្រី ម៉ា សុភី ដែលបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាបឋមសិក្សាវត្តកែវ ភូមិកំពង់សំបួរ ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ពិធីសម្ពោធ បានធ្វើឡើងនៅថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក ចន្ទ សុផល អ្នកតំណាងរាស្រ្ដមណ្ឌលបាត់ដំបង, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក លោកស្រី មន្ត្រីជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

លោក ស សុខា បានចាត់ទុកអាគារសិក្សាថ្មី ០១ខ្នង ដែលមាន៥បន្ទប់នេះ គឺពិតជាបម្រើសេចក្តីត្រូវការ និងអំពីតម្រូវការចាំបាច់ក្នុងការសិក្សារបស់ក្មួយៗនៅទីនេះ និងជាការឆ្លើយតបបានទាន់ពេលវេលា ស្របតាមគោលដៅ អភិវឌ្ឍន៍សហស្សវត្សកម្ពុជាក្នុងការលើកស្ទួយដល់វិស័យអប់រំកម្ពុជា និងដើម្បីការកសាងនូវធនធានមនុស្សប្រកបដោយសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យ។

លោកស សុខា បានលើកឡើងថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកំណត់នូវគោលនយោបាយអាទិភាព និងការអភិវឌ្ឍប្រទេសជាតិ ហើយនយោបាយនេះ នៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវទាំងក្នុងអតីតកាលបច្ចុប្បន្នកាល ក៏ដូចជាអនាគតកាលសម្រាប់ការកសាងប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើន។

ដោយឡែក ការអប់រំជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពធំៗទាំងបួនរបស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព និងគុណធម៌ ដើម្បីបម្រើឲ្យតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ក្នុងពិធីសម្ពោធ ទាំងអាជ្ញាធរខេត្តបាត់ដំបង និង ម្ចាស់ជំនួយផ្ទាល់ លោក ហុង ស៉ីថា តំណាងឱ្យលោក ហុង ឆាយ និងលោកស្រី ម៉ា សុភី ដែលត្រូវជាលោកឪពុក និងអ្នកម្ដាយ និងជាម្ចាស់ជំនួយកសាងអគារសិក្សានេះបានរៀបរាប់ពីជីវប្រវត្តិត្រួសៗរបស់លោក ហុង ឆាយ។ លោក ហុង ឆាយ ធ្លាប់ជាអ្នករស់នៅភូមិស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ និងធ្លាប់បានសិក្សារៀនសូត្រនៅសាលារៀននេះតាំងពីនៅតូច។

ដោយមើលឃើញពីការលំបាករបស់សិស្សានុសិស្សដែលបានមករៀននៅទីនេះ និងការនឹករលឹកអនុស្សាវរីយ៍ដែលធ្លាប់បានរៀនសូត្រកន្លងមក ព្រមទាំងបំណងចង់ចូលរួមអភិវឌ្ឍន៍វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា លោកបានសម្រេចចិត្តបរិច្ចាគធនធានផ្ទាល់ខ្លួនក្នុងការកសាងអគារសិក្សា១ខ្នងនេះឡើង។

លោក ហុង ស៉ីថា ក៏បានសំណូមពរ និងក្រើនរំលឹកដល់កូនៗ ក្មួយៗ ដែលជាសិស្សកំពុងសិក្សានៅសាលានេះថា៖ សូមក្មួយៗ ត្រូវមករៀនឲ្យបានទៀងទាត់ មករៀនឲ្យបានចេះ ឲ្យបានចំណេះ។ ចេះតិចប្រសើរជាងអត់ចេះ មានចំណេះទើបធ្វើឲ្យខ្លួនយើងមានអនាគតល្អ សម្រាប់ទៅថ្ងៃអនាគត៕