(ព្រះសីហនុ)៖ លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានក្រើនរំលឹកដល់សមាជិក សមាជិកា ដែលសុទ្ធសឹងជាអាជ្ញាធរបម្រើការងារនៅមូលដ្ឋានខេត្តព្រះសីហនុនោះ ឱ្យខិតខំធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ សម្រាប់លោក សាយ សំអាល់ ការធ្វើអំពើល្អ ការប្រឹងប្រែងជួយប្រជាពលរដ្ឋ គឺជាទង្វើដែលទទួលបានការគោរព ការស្រឡាញ់ពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

ការជំរុញឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងខេត្តព្រះសីហនុ ខិតខំធ្វើអំពើល្អ និងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋនេះ ធ្វើឡើងក្នុងពេលលោក សាយ សំអាល់ ដឹកនាំកិច្ចប្រជុំត្រៀមខ្លួនសម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០២២។

កិច្ចប្រជុំដែលធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១នេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ និងគណៈកម្មាធិការគណបក្សខេត្ត ស្រុក ឃុំសង្កាត់ ទូទាំងខេត្តព្រះសីហនុផងដែរ។

ក្នុងកិច្ចប្រជុំនេះលោក សាយ សំអាល់ បានបន្តជំរុញឱ្យសមាជិកសមាជិកាក្រុមការងារបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការចុះមូលដ្ឋាន។ លោក ក៏បានលើកទឹកចិត្តសមាជិក សមាជិកា ដែលសុទ្ធសឹងជាអាជ្ញាធរនៅមូលដ្ឋាននោះ ប្រឹងប្រែងធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ព្រោះនេះ គឺជាមូលដ្ឋាននៃភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា។

លោក សាយ សំអាល់ បានគូសបញ្ជាក់ដូច្នេះថា «ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានពុះពារឆ្លងកាត់ដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិប្រកបដោយវីរភាព លើមូលដ្ឋានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម»

លោក សាយ សំអាល់ បានណែនាំសមាជិក សមាជិកាទាំងអស់ យកចិត្តទុកដាក់ខ្ពស់ជំរុញប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ឃុំ សង្កាត់ ដែលបានចុះឈ្មោះបោះឆ្នោតរួច ឱ្យទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត និងជំរុញអ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬទើបគ្រប់អាយុឱ្យទៅចុះឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់ដែលពួកគាត់រស់នៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១។ បន្ថែមពីលើនោះ ត្រូវត្រៀមលក្ខណៈសម្បត្តិទៅបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ និងការបោះឆ្នោតនាអាណត្តិផ្សេងៗទៀត៕