(ពោធិ៍សាត់)៖ ប្រជានេសាទសរុបចំនួន ១,០២៥គ្រួសារ រស់នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលជួបការខ្វះខាតស្បៀងក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩ និងក្នុងរដូវបិទនេសាទផងនោះ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តពោធិ៍សាត់។

សកម្មភាពចែកអំណោយកាកបាទក្រហមជូនប្រជានេសាទខាងលើនេះ ធ្វើឡើងក្រោមវត្តមានលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ។

នាឱកាសនោះ លោក កែវ រតនៈ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដែលកន្លងមកសម្តេច និងលោកតែងតែយកចិត្តទុកដាក់គិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទដែលរស់នៅលើផ្ទៃទឹកបឹងទន្លេសាប ដោយសារពួកគាត់ទទួលរងផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ១៩ និងក្នុងរដូវបិទនេសាទ មិនអាចចេញទៅប្រកបមុខរបរបាន។

លោកបានបន្ថែមថា តាមរយៈក្រុមការងារ និងអាជ្ញាធរខេត្ត បានរៀបចំសំណើគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់ប្រជានេសាទក្នុងឃុំកំពង់លួងប្រមាណ ៩៨៧គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដីកសិកម្ម និងដីលំនៅដ្ឋានចំនួន ១.៥ហិកតា ត្រង់ចំណុច «ដំបូក១០០» ស្ថិតក្នុងភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីឱ្យពួកគាត់បម្លាស់ទីពីការរស់នៅលើផ្ទៃទឹកមករស់នៅដីគោកវិញ។

ជាមួយគ្នានោះ លោកបានជំរុញឱ្យប្រជាពលរដ្ឋចូលមករស់នៅលើដីដែលបានចែកជូននោះ ត្រូវខិតខំប្រកបមុខចិញ្ចឹមសត្វ និងដាំដុះដំណាំផ្សេងលើដីនេះឱ្យអស់លទ្ធភាព។ ក្នុងករណីខ្វះខាតវត្ថុធាតុដើម ក្រុមការងារនឹងជួយដោះស្រាយទៅតាមតម្រូវការជាក់ស្តែង។ អ្វីដែលសំខាន់នោះ សូមឱ្យរក្សាដីដែលបានចែកជូននេះឱ្យបានគង់វង្សយូរអង្វែងតកូនតចៅ ដែលជាសេចក្តីសង្ឃឹមរបស់ថ្នាក់ដឹកនាំ។

លោកបានឱ្យដឹងថា ស្រុកក្រគរ គឺជាស្រុកអាទិភាពមួយក្នុងខេត្តពោធិ៍សាត់ ដែលប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារបានខិតខំគៀងគរអ្នកវិនិយោគជាច្រើន ដើម្បីអភិវឌ្ឍន៍ បង្កើតទីផ្សារការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេស មានរោងក្រកាត់ដេរ, រោងចក្រតម្លើងត្រង់ស្វូរ សូឡា... ហើយថ្មីៗនេះជាកិត្តិយសបំផុតសម្រាប់ខេត្តនេះ ដែលបានទទួលនូវការវិនិយោគដ៏ធំទៅលើការផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុនផលិតរថយន្ត Ford។

លោកបានផ្តាំផ្ញើដល់ប្រជានេសាទសូមបន្តអនុវត្តវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩ ឱ្យបានឆាប់រហ័ស ព្រមទាំងជំរុញដល់ប្រជាពលរដ្ឋ ក៏ដូចជាកូនក្មួយកុមារចាប់ពីអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ត្រូវមកទទួលវ៉ាក់សាំងដូសបន្ថែម ដើម្បីឈានទៅបើកសាលារៀនឡើងវិញទូទាំងប្រទេស។

អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ដែលត្រូវប្រគល់ជូនប្រជានេសាទទាំង៥ភូមិ ក្នុងឃុំកំពង់លួង ស្រុកក្រគរ ១,០២៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ និងទឹកត្រី ១យួរ។

ក្នុងថ្ងៃដដែលនោះ លោកបានបន្តនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ទៅចែកជូនដល់ប្រជានេសាទ ដែលរស់នៅលើផ្ទៃទឹកទន្លេសាប ក្នុងឃុំរាំងទិល ស្រុកកណ្ដៀង ចំនួន៦៥០គ្រួសារផងដែរ៕