(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋ ៨៦គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានទទួលអំណោយមួយចំនួនពីសមាជិកព្រឹទ្ធសភា និងអ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ ព្រមទាំងសប្បុរសជនជាច្រើនទៀត ខណៈពួកគាត់កំពុងស្នាក់នៅបណ្ដោះអាសន្ន តាមទីទួលសុវត្ថិភាពក្បែរៗផ្លូវវាងទីប្រជុំជន ស្ថិតនៅឃុំបត់ត្រង់ ក្នុងស្រុកមង្គលបុរី។

សកម្មភាពចុះជួយប្រជាពលរដ្ឋរងគ្រោះនេះ គេឃើញមានវត្តមានរបស់លោក អន ស៊ុំ, លោក ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភាភូមិភាគ៤ ឈរជើងនៅខេត្តបន្ទាយមានជ័យ រួមជាមួយលោក ប៉ាល់ សំអឿន, លោកស្រី នួម សុភ័ណ, លោក អ៉ី ឡុង ដែលសុទ្ធតែជាអ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ អមដំណើដោយលោក លី សារី ប្រធានក្រុមការងារខេត្តចុះជួយស្រុកមង្គលបុរី និងជាអភិបាលរងខេត្តបន្ទាយមានជ័យ, លោក រ័ត្ន ដាស៊ុណង់ អភិបាលស្រុកមង្គលបុរី និងកងកម្លាំង អាជ្ញាធរភូមិ/ឃុំផងដែរ។

ថ្លែងក្នុងឱកាសចុះចែកអំណោយនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ លោក ប៉ាល់ សំអឿន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្ដេចទាំងទ្វេតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា។

អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្ត អាជ្ញាធរស្រុក-ក្រុង ឃុំ-សង្កាត់ មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយអត់អាហារនោះឡើយ។ ជាក់ស្តែងនាថ្ងៃនេះ សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្ត ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធ បាននាំយកគ្រឿងឧបភោគបរិភោគផ្តល់ជូនប្រជាពលរដ្ឋ ទោះបីជាអំណោយតិចតួចក្ដី តែជាការរួមចំណែកដ៏សំខាន់ដើម្បីដោះស្រាយជីវភាពបានមួយគ្រាជូនប្រជាពលរដ្ឋ។

នៅចំពោះមុខគ្រោះទឹកជំនន់នេះ សមាជិកព្រឹទ្ធសភា និងអ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ ក៏បានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពកូនចៅ ជៀសវាងការលងទឹក ឬគ្រោះថ្នាក់ដោយប្រការណាមួយ។ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះសត្វអសិរពិសជាដើម ត្រូវចេះថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ ដើម្បីការពារជំងឺឆ្លងនានា ដូចជាជំងឺកូវីដ-១៩ជាដើម ដែលអាចកើតមានឡើងដោយយថាហេតុ ជាពិសេសស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន «៣ការពារ និង៣កុំ»។

សូមជម្រាបថា សម្រាប់គ្រឿងឧបភោគបរិភោគដែលប្រជាពលរដ្ឋទទួលបាននោះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូ មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ និងទឹកស៉ីអ៉ីវ ១យួរ៕