(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នាឱកាសថ្ងៃឈប់សម្រាក ថ្ងៃអាទិត្យ ទី១០ ខែតុលានេះ បានដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋឲ្យចេះថែទាំសុខភាពផ្លូវចេះរបស់ខ្លួនជាប្រចាំ ពិសេសក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។

បើតាមលោកស្រីរដ្ឋលេខាធិការ សុខភាពផ្លូវចិត្តមានសារសំខាន់ណាស់ ដែលមានឥទ្ធិពលដល់សុខភាពទូទៅរបស់មនុស្សម្នាក់ៗ ហើយបញ្ហានេះពេលខ្លះត្រូវបានគេមើលរំលង។

តាមរយៈសារបង្ហោះលើ Twitter លោកស្រី វណ្ណឌីន បានលើកឡើយយ៉ាងដូច្នេះថា «ការថែទាំសុខភាពផ្លូវចិត្តជារឿយៗត្រូវបានគេមិនអើពើដែលជះឥទ្ធិពលដល់ស្ថានភាពសុខភាពទូទៅរបស់បុគ្គលនិងបង្កើតបញ្ហាទាក់ទងនឹងផ្លូវចិត្តដែលមិនត្រូវបានដឹងជាមុននៅក្នុងជីវិតប្រចាំថ្ងៃ។ ដូច្នេះ រៀនពីរបៀបថែរក្សាសុខភាពផ្លូវចិត្តដើម្បីធ្វើឱ្យសុខភាពផ្លូវចិត្តរបស់អ្នកប្រសើរឡើងដូចជាការបំបាត់ស្ត្រេស និងការថប់អារម្ភនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩»

ជាមួយសារដាស់តឿនហើយនោះ លោកស្រីអ្នកនាំពាក្យក៏លើកយកវិធីសាស្ត្រមួយចំនួនក្នុងការថែទាំសុខភាពផ្លូវចិត្តផងដែរដូចជា ការហាត់ប្រាណ, ការញាំអាហារមានជីវជាតិ, ការដើរកម្សាន្តជាមួយគ្រួសារ និងមិត្តភក្តិ, ការគេងឲ្យបានគ្រប់គ្រាន់, ការនិយាយពីអារម្មណ៍របស់ខ្លួនទៅកាន់អ្នកយល់ចិត្ត និងពិភាក្សាជាមួយអ្នកជំនាញ ឬគ្រូពេទ្យជាដើម៕