(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម និងជាប្រធានមុខព្រួញទទួលខេត្តកណ្តាល និងក្រុម ការងារបច្ចេកទេស បានចុះជួយធ្វើការទប់ស្ទាក់ទឹកជាបន្ទាន់តាមទំនប់ប្រឡាយព្រែកកំពឹស (ប្រឡាយព្រែករទាំង) ដែលទឹកហូរពីលើខ្នងទំនប់ មានប្រវែង ២០០ម៉ែត្រ ទំហំខ្នងទំនប់ ៥ម៉ែត្រ ដែលជាចំណុចទំនាប ស្ថិតនៅចំណុចព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងភូមិសាស្ត្រភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ អាចបណ្តាលឲ្យមានការប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅទាំងពីរភូមិខាងលើ។

ដោយឡែក ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល ស្ថានភាព នៃការលិចហូរពីលើផ្លូវបេតុង តាមចំណុចទំនាប និងដោយកន្លែង ដែលមានទីតាំងស្ថិតនៅតំបន់ទំនប់ចាបយំ ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ រួមគ្នាច្រកបាវខ្សាច់ទប់ជាទំនប់បន្ថែម ដើម្បីការពារទប់ការលិចលង់ភូមិ។

សូមបញ្ជាក់ថា ការជន់លិចនេះ ពុំមែនជាជំនន់ទឹកស្ទឹងព្រែកត្នោតទេ គឺជាជំនន់ទឹកភ្លៀង តែពុំធ្ងន់ធ្ងរនោះទេនេះ គឺដោយសារផ្លូវរំដោះទឹកជាធម្មជាតិត្រូវរួមតូច ដែលខុសពីផ្លូវទឹកធម្មជាតិដែលមានពីមុន បណ្តាលឲ្យការរំដោះទឹកទៅតាមបណ្តាប្រឡាយ ព្រែក បឹងផ្សេងៗ និងឆ្ពោះទៅទន្លេបាសាក់ ត្រូវបានរាំងស្ទះ ដោយសារការចាក់លុប ឬបិទស្ទើរអស់ទៅហើយ និងដោយការសាងសង់ផ្លូវ និងសំណង់មួយចំនួនមិនបានគោរពតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ក្នុងការរក្សាផ្លូវទឹក។

ស្ថិតក្នុងស្ថានភាពនេះ លោករដ្ឋមន្រ្តី លឹម គានហោ បានចាត់បញ្ជូនគ្រឿងចក្រធុនធ្ងន់ និងមន្រ្តីបច្ចេកទេសទាំងយប់បន្ថែមទៅកាន់ទីតាំងខាងលើ ដើម្បីបើកផ្លូវទឹកនៃភ្លឺប្រឡាយ៩៦ និង៩៤ ដែលជាផ្លូវរំដោះទឹកយ៉ាងសំខាន់ ដើម្បីបង្ហូរធ្លាក់ទៅតំបន់បឹងបួរ អូរធម្មជាតិ និងធ្លាក់ចូលតាមព្រែកទៅទន្លេបាសាក់ ដែលការងារនេះ នឹងត្រូវអនុវត្តឲ្យបានទាន់ពេលនៅវេលាថ្ងៃស្អែក៕