(ស្វាយរៀង)៖ ការបន្តបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ គឺជាបេសកកម្ម និងគោលដៅរួមរបស់យើងទាំងអស់គ្នា ក្នុងនាមជាមន្រ្តីរាជការ ក្រុមការងារគណបក្ស និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ នេះជាការលើកឡើងរបស់ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង។

នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ លោក លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ដើម្បីរៀបចំបញ្ជីផ្គូផ្គងបេក្ខជនបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង៥ និងសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រុងបាវិត។

ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត លោក លី ធុជ បានជំរុញឲ្យក្រុមការងារគណបក្ស គណបក្សក្រុង និងគណបក្សមូលដ្ឋាន ត្រូវជ្រើសរើសបេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ជាបេក្ខជនដែលមានសមត្ថភាព មានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ ចេះស្គាល់ទុក្ខធុរៈរបស់ប្រជាពលរដ្ឋ និងស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជា ជាពិសេសជាអ្នកបម្រើប្រជាជនមូលដ្ឋាន ដែលក្នុងការជ្រើសរើសនេះ ត្រូវធ្វើការប្រកាន់ខ្ជាប់តាមការកំណត់ និងការណែនាំអំពីក្រមសីលធម៌សម្រាប់ក្រុមការងារគណៈកម្មាធិការគណបក្ស បេក្ខជនឈរឈ្មោះបោះឆ្នោត និងអង្គបោះឆ្នោត។

ក្នុងឱកាសនោះ លោក លី ធុជ បានណែនាំឲ្យក្រុមការងារគណបក្ស និងគណបក្សមូលដ្ឋាន ត្រូវបន្តពង្រឹងសកម្មភាពគណបក្សនៅតាមមូលដ្ឋាន និងលើកកម្ពស់ការយកចិត្តទុកដាក់ចំពោះសមាជិក សមាជិកាគណបក្សតាមរយៈការរក្សានូវទំនាក់ទំនងឲ្យបានល្អនិងជិតស្និត។

លោកក៏បានជំរុញឲ្យក្រុមការងារគណបក្សទាំងអស់ ត្រូវត្រៀមឲ្យបានរួចរាល់នូវសកម្មភាពលម្អិត និងផែនការអាទិភាព ឲ្យបានច្បាស់សម្រាប់ការងារឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ខាងមុខនេះ ដើម្បីភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ៕