(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន៥៥គ្រួសារ នៅក្រុងបូកគោ។

ពិធីប្រគល់អំណោយនេះ បានធ្វើឡើងនៅអនុសាខាកាកបាទក្រហមក្រុងបូកគោ ខេត្តកំពត ដោយអនុវត្តតាមវិធានការសុខាភិបាល យ៉ាងខ្ជាប់ខ្ជូនផងដែរ។

ក្នុងឱកាសនោះលោក ជាវ តាយ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយ បញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនដែលទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា បើទោះបីអំណោយនាពេលនេះ មានចំនួនតិចតួចក្ដីមិនអាចឆ្លើយតបបានយូរអង្វែង ប៉ុន្តែអាចជួយសម្រាលការលំបាកខ្វះខាត របស់បងប្អូនបានមួយគ្រាផងដែរ ពិសេសក្នុងដំណាក់កាលនៃស្ថានភាពវិបត្តិកូវីដ១៩នេះ។

លោក ជាវ តាយ បានក្រើនរំលឹក និងអំពាវនាវឱ្យពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តនូវវិធានសុវត្តិភាព បទបញ្ជាផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខភិបាលឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកឱ្យបានខ្ជាប់ខ្ជួននូវការអនុវត្តវិធានការ «៣ការពារ និង៣កុំ»

លោកអភិបាលខេត្ត បានផ្ដល់អំណោយ ដល់ប្រជាពលរដ្ឋទាំង៥៥គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានរួមមាន៖ អង្គរ ២៥គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ និងថវិកា ២មុឺនរៀល គិតជាថវិកា ស្មើនឹង១២៥,០០០រៀល, សរុបរួមស្មើនឹង៦,៨៧៥,០០០រៀល ព្រមទាំងបានឧបត្ថម្ភថវិកាប្រមាណ ៥០ម៉ឺនរៀល ជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម កងកម្លាំងនគរបាល រាជអាវុធហត្ថ ប្រជាការពារ និងគ្រូពេទ្យ៕