(បន្ទាយមានជ័យ)៖ ដើម្បីពង្រឹងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងទាំងអស់ ត្រូវចេញល្បាតជាប់ជាប្រចាំ ពោលគឺ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា និងត្រូវមានកិច្ចសហការល្អជាមួយកងកម្លាំងចម្រុះ ដើម្បីធានាដល់ការទប់ស្កាត់នូវរាល់បទល្មើសឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួន។

ជាក់ស្ដែងនាយប់ថ្ងៃទី៧ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានដាក់បញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី រិទ្ធ រ៉ម មេបញ្ជាការរងទទួលទិសម៉ាឡៃ ដឹកនាំកម្លាំង១៥នាក់ចេញល្បាតនៅតាមព្រំដែនក្នុងដែនទិសរបស់ខ្លួន ក្នុងនោះក៏មានកិច្ចសហការជាមួយនគរបាលការពារព្រំដែនគោកលេខ៨១៥។

ក្នុងនោះពេលភូមិសាស្ត្រភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កម្លាំងចម្រុះខាងលើក៏បានប្រទះឃើញពលករចំនួន ២៩នាក់ ដែលបម្រុងឆ្លងដែនចេញទៅប្រទេសថៃ ហើយក៏ឃាត់ខ្លួនបានតែម្តង ដើម្បីនាំទៅសាកសួរ។ ក្រោយអប់រំសួរនាំរួចមក កងកម្លាំងក៏បានបញ្ជួនពលករទាំងអស់នោះទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ។

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ចុះបំពេញប្រតិបត្តិការសហការជាមួយកម្លាំងចម្រុះទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់។

លោកមេបញ្ជាការ ជឹម ប៊ុនអាន បានសំណូមពរដល់ប្រជាពលរដ្ឋ ពិសេសពលករដែលបម្រុងឆ្លងដែរទៅធ្វើការនៅប្រទេសថៃ សូមកុំឱ្យចាញ់បោកមេខ្យល់ដែលតែងតែបញ្ចុះបញ្ចូលនាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់៕